ភ្នំពេញ៖ លោកស្រី កឹម មនោវិទ្យា ដែលទើបទទួលបានការតែងតាំងជាប្រេសិតពិសេសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចាប់ផ្តើមបេសកកម្មការងារផ្លូវការជាលើកដំបូង ដោយបានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ។
ជំនួបដ៏មានសារៈសំខាន់នេះ បានផ្តោតលើប្រធានបទធំៗចំនួនពីរ រួមមាន៖
បញ្ហាព្រំដែន៖ ការពិភាក្សាអំពីស្ថានភាព និងជម្លោះកម្ពុជា-ថៃ។
សេដ្ឋកិច្ច និងវិនិយោគ៖ ការលើកកម្ពស់សក្តានុពលរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនពីតំបន់អឺរ៉ុប។
ការចេញបំពេញបេសកកម្មយ៉ាងឆាប់រហ័សនេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃម្សិលមិញ ដោយគូសបញ្ជាក់ថា ការតែងតាំងរូបលោកស្រី គឺជាស្តែងចេញពីស្មារតីបង្រួបបង្រួមជាតិ និងការរួបរួមរវាងខ្មែរគ្រប់និន្នាការ ដើម្បីបម្រើប្រយោជន៍ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ខ្ញុំទទួលឯកឧត្ដម កឹម សុខា និងកូនគាត់ចូលមក… ឥឡូវចូលមកធ្វើប្រេសិតរបស់ខ្ញុំ។ ខ្ញុំអត់បានតែងតាំងគាត់ជារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលទេ តែជាប្រេសិតមួយដែលមានទម្ងន់អាចទៅធ្វើការបាននៅក្រៅប្រទេស។ គាត់ចង់ជួយយើងនៅក្នុងការវិនិយោគ បូកជាមួយរឿងព្រំដែន… ហើយគាត់មានទំនាក់ទំនងច្រើន ចឹងយកទំនាក់ទំនងគាត់ដើម្បីធ្វើការជួយប្រទេសជាតិ… នេះហើយជាអ្វីដែលគេហៅថា សន្ទនាវប្បធម៌ និងវប្បធម៌សន្ទនា»។
សូមបញ្ជាក់ថា លោកស្រី កឹម មនោវិទ្យា គឺជាកូនស្រីច្បងរបស់លោក កឹម សុខា។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ San Jose State University សហរដ្ឋអាមេរិក និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ University of Amsterdam ប្រទេសហូឡង់៕
