(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យរៀបចំត្រៀមលក្ខណៈដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំខាងមុខឱ្យបានគ្រប់ៗគ្នា។
ការអំពាវនាវនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក និងក្រុមការងារចុះមូលដ្ឋាន បាននាំយកអំណោយរបស់ ឯកឧត្តម ចាន់ យុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ជូនពលរដ្ឋងាយរងហានិភ័យចំនួន ២៦គ្រួសារ នៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកអភិបាលស្រុក បានសង្កត់ធ្ងន់ថា ការអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋល្អ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ តាមរយៈការជ្រើសរើសថ្នាក់ដឹកនាំឃុំ ឬមេឃុំដែលខ្លួនពេញចិត្ត។ ថ្នាក់ដឹកនាំដែលទទួលបានការទុកចិត្ត នឹងនៅរួមរស់ជាមួយពលរដ្ឋគ្រប់ពេលវេលា បម្រើសេវាសាធារណៈប្រកបដោយគុណភាព និងបង្កើតទំនុកចិត្តខ្ពស់។ ក្នុងនោះ លោកបានរំលឹកឱ្យពលរដ្ឋត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ ពិនិត្យបញ្ជីឈ្មោះ ឬធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ លោក សាយ គឹមឡម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និង ឯកឧត្តម ចាន់ យុត្ថា ដែលតែងតែយកចិត្តទុកដាក់អភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសការកសាងប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង និងបានឧបត្ថម្ភស្បៀងអាហារដល់គ្រួសារងាយរងហានិភ័យនាពេលនេះ។
បន្ថែមពីនេះ លោកអភិបាលស្រុក បានណែនាំដល់អាជ្ញាធរភូមិ-ឃុំ ត្រូវតាមដានជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានដិតដល់ និងធ្វើស្ថិតិគ្រួសារងាយរងហានិភ័យឱ្យបានជាក់លាក់ ដើម្បីងាយស្រួលក្នុងការស្នើសុំជំនួយមកអាជ្ញាធរស្រុក និងក្រុមការងារចុះមូលដ្ឋាន អន្តរាគមន៍បានទាន់ពេលវេលា ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដោយសារការខ្វះខាតនោះឡើយ។
សូមបញ្ជាក់ថា គ្រួសារងាយរងហានិភ័យទាំង ២៦គ្រួសារ ខាងលើ ដោយក្នុងមួយគ្រួសារទទួលបាន៖
អង្ករ ១បេ
មី ១កេស
សំលៀកបំពាក់ ១ថង់

