លោកស្រី ង៉ែត ណារីន ដឹកនាំក្រុមការងារចុះពិនិត្យអត្តសញ្ញាណប័ណ្ណ និងសួរសុខទុក្ខសមាជិកបក្សនៅភូមិជន្លូស ខេត្តកំពង់ធំ


​(កំពង់ធំ)៖ នាថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោកស្រី ង៉ែត ណារីន ប្រធានក្រុមការងារចុះមូលដ្ឋានភូមិជន្លូស ព្រមទាំងសមាជិក សមាជិកា បានចុះអនុវត្តផែនការសកម្មភាព និងបំពេញការងារនៅមូលដ្ឋានភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីពិនិត្យអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខក្រុមបក្ស ព្រមទាំងគ្រួសារបក្សប្រជាជនកម្ពុជាចំនួន ៣៩គ្រួសារ។
​ក្នុងសកម្មភាពចុះមូលដ្ឋាននេះ ក្រុមការងារបានផ្តោតសំខាន់លើការផ្ទៀងផ្ទាត់ និងពិនិត្យមើលអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាសមាជិកបក្ស ឱ្យមានភាពត្រឹមត្រូវតាមតម្រូវការនៃការចុះបញ្ជីនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ ការចុះផ្ទាល់ដល់ខ្នងផ្ទះ ក៏ជាឱកាសក្នុងការជួបសំណេះសំណាល ដើមប្រកបដោយបរិយាកាសស្និទ្ធស្នាល ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ពាក់ព័ន្ធនឹងឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ។
​ឱកាសនោះដែរ លោកស្រី ង៉ែត ណារីន និងក្រុមការងារ បានសម្តែងនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅជូនចំពោះគ្រួសារបក្សទាំង ៣៩គ្រួសារ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព និងពង្រឹងកិច្ចសហការរវាងក្រុមការងារចុះមូលដ្ឋាន ជាមួយសមាជិកបក្សឱ្យកាន់តែជិតស្និទ្ធ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រុមបក្ស និងគ្រួសារបក្ស ត្រូវបានលើកទឹកចិត្តឱ្យចូលរួមសហការជួយពិនិត្យ និងកែតម្រូវព័ត៌មានអត្តសញ្ញាណប័ណ្ណឱ្យបានច្បាស់លាស់ សម្រាប់ប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនៅមូលដ្ឋាន។
​ជាចុងក្រោយ លោកស្រី ប្រធានក្រុមការងារ បានណែនាំដល់សមាជិកក្រុមការងារទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារចុះមូលដ្ឋាន និងសហការគ្នាយ៉ាងស្ជិតស្និទ្ធក្នុងការពិនិត្យឯកសារអត្តសញ្ញាណ ដើម្បីចៀសវាងកំហុសឆ្គងផ្សេងៗ ពេលបំពេញព័ត៌មានសម្រាប់ការចុះបញ្ជីបោះឆ្នោត។ លោកស្រីបានគូសបញ្ជាក់ថា ជោគជ័យ ១០០% នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ គឺអាស្រ័យលើការចូលរួម និងកម្លាំងសាមគ្គីរបស់បងប្អូនគ្រួសារគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *