ACU នឹងបញ្ជូនលោក ថូ សំណាង និងគូកន ២នាក់ទៀតទៅតុលាការរាជធានីភ្នំពេញ ល្ងាចនេះ ពាក់ព័ន្ធករណីលួចលក់ទិដ្ឋាការឱ្យក្រុម Online Scams

​(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ នឹងបញ្ជូនលោក ថូ សំណាង ដែលជាមេក្លោង ព្រមទាំងគូកន ២នាក់ទៀត រួមមានលោក ណុប រដ្ឋា និងលោក យស់ រ៉ាណេ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
​លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា ACU នឹងបញ្ជូនជនសង្ស័យទាំង ៣រូប ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៤:០០ នាទីល្ងាចថ្ងៃនេះ។
​សូមបញ្ជាក់ថា លោក ថូ សំណាង អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបាន ACU នាំខ្លួនមកសាកសួរពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams)។
​លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់បន្ថែមថា៖ «លោក ថូ សំណាង បានសារភាពថា បានលួចយកសន្លឹកទិដ្ឋាការ (Visa) ប្រភេទ C និង Cex ទៅប្រើប្រាស់ខុសច្បាប់ជាង ៦,០០០សន្លឹក។ ដោយឡែក សន្លឹកទិដ្ឋាការដែលនៅសល់ប្រមាណ ៤,០០០សន្លឹកទៀត ជនសង្ស័យបានអះអាងថាបានកម្ទេចចោល ហើយ ACU កំពុងបន្តស្រាវជ្រាវស្វែងរក»។ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា សន្លឹកទិដ្ឋាការដែលបញ្ចេញដោយខុសច្បាប់ទាំងនោះ ត្រូវបានជនបរទេសប្រព្រឹត្តបទល្មើស Online Scams យកទៅប្រើប្រាស់។
​គួររំឭកផងដែរថា លោក ថូ សំណាង ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ និងបានតែងតាំងជាទីប្រឹក្សាក្រសួងជំនួសវិញ មានឋានៈស្មើអគ្គនាយក។

Leave a Reply

Your email address will not be published. Required fields are marked *