អ្នកជំនាញ៖ ថៃអាចប្រឈមមុខនឹងតុលាការ ICC និងកាតព្វកិច្ចសងសំណង រឿងជម្លោះព្រំដែន និងការខូចខាតប្រាសាទព្រះវិហារ

ដោយ : ភ្នំធំ / ភ្នំពេញ៖អ្នកវិភាគ និងជាអ្នកជំនាញផ្នែកច្បាប់ បណ្ឌិត តាំង សុខងី បានលើកឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះថា ផ្អែកលើបទដ្ឋានច្បាប់អន្តរជាតិ និងលក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute) នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) មេដឹកនាំ និងភាគីពាក់ព័ន្ធរបស់ថៃ នឹងមិនអាចគេចផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងកាតព្វកិច្ចសងសំណងខូចខាតជូនកម្ពុជាឡើយ ចំពោះអំពើឈ្លានពានអធិបតេយ្យភាព និងការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។

បណ្ឌិត តាំង សុខងី បានគូសបញ្ជាក់ថា ផ្អែកលើលក្ខន្តិកៈទីក្រុងរ៉ូម និងអនុសញ្ញាស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ អំពើរបស់រដ្ឋឈ្លានពានត្រូវប្រឈមមុខនឹងបទឧក្រិដ្ឋធំៗចំនួនពីរ រួមមាន៖

១. ឧក្រិដ្ឋកម្មនៃការឈ្លានពាន (Crime of Aggression)៖ យោងតាមមាត្រា ៨(២) ការប្រើប្រាស់កម្លាំងប្រដាប់អាវុធរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋមួយទៀត គឺជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរដូចករណីប្រវត្តិសាស្ត្រដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ធ្លាប់បានថ្កោលទោសប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ១៩៩០ ផងដែរ។

២. ឧក្រិដ្ឋកម្មសង្គ្រាមលើបេតិកភណ្ឌវប្បធម៌ (War Crime against Cultural Heritage)៖ យោងតាមមាត្រា ៨(២)(e)(iv) ការវាយប្រហារដោយចេតនាលើប្រាសាទព្រះវិហារ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។
ជាក់ស្តែង តុលាការ ICC ធ្លាប់មានបុរេកាលច្បាប់ (Precedent) ដ៏សំខាន់កាលពីឆ្នាំ២០១៦ ក្នុងសំណុំរឿង Ahmad Al Faqi Al Mahdi ដោយបានកាត់ទោសដាក់ពន្ធនាគារ និងបង្គាប់ឱ្យសងសំណងចំពោះការបំផ្លាញបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នៅ Timbuktu។

បន្ថែមពីនេះ អ្នកជំនាញរូបនេះបានបញ្ជាក់ថា ស្របតាមច្បាប់នៃការទទួលខុសត្រូវរបស់រដ្ឋ (State Responsibility) ភាគីថៃមានកាតព្វកិច្ចសងសំណងពេញលេញមកឱ្យកម្ពុជាវិញ រួមមានការស្តារ និងជួសជុលប្រាសាទឡើងវិញ សំណងផ្នែកហិរញ្ញវត្ថុចំពោះការខូចខាត ព្រមទាំងការទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ។ ដោយឡែកចំពោះបុគ្គលជាមេដឹកនាំនយោបាយ និងមេបញ្ជាការយោធាដែលពាក់ព័ន្ធ ក៏ត្រូវប្រឈមមុខនឹងការចោទប្រកាន់ និងទោសទណ្ឌព្រហ្មទណ្ឌបុគ្គលពីតុលាការ ICC ផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងទទួលបានការតាមដានយ៉ាងយកចិត្តទុកដាក់ និងទទួលបានការវិនិច្ឆ័យប្រកបដោយយុត្តិធម៌ពីសំណាក់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ (UN) និងអង្គការយូណេស្កូ (UNESCO) ដែលចាត់ទុកថៃជាភាគីរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *