ករណីហិង្សា និងអួតអាងមានខ្សែធំនៅហាង SAVAGE ៖ ប្រជាពលរដ្ឋស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនបង្ក មកផ្តន្ទាទោសតាមច្បាប់

​ភ្នំពេញ៖ ករណីអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃមួយបានកើតឡើងនៅក្នុងភោជនីយដ្ឋាន «SAVAGE» ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ២:០០ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដើមហេតុបង្កឡើងដោយសារតែការមើលមុខ និងដើរប៉ះទង្គិចគ្នាបន្តិចបន្តួច។
​តាមប្រភពព័ត៌មាន និងការចែករំលែកនៅលើបណ្តាញសង្គមបានឱ្យដឹងថា ជនបង្កបានប្រើប្រាស់កែវស្រាវាយទៅលើជនរងគ្រោះ ហើយមិនទាន់អស់ចិត្ត ក៏បាននាំជនរងគ្រោះទៅកន្លែងស្ងាត់ រួចយកដបស្រាវាយក្បាលបន្ថែមទៀត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ អំឡុងពេលធ្វើសកម្មភាព ជនបង្កថែមទាំងបានបោះពាក្យសម្តីអួតអាង និងគំរាមកំហែងថា «ខ្លួនមានខ្សែធំ» ទៀតផង។
​ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ ជនបង្កបានឡើងទៅជាន់ខាងលើជាមួយសន្តិសុខហាង ហើយបានផ្លាស់ប្តូរសម្លៀកបំពាក់ រួចគេចខ្លួនតាមទ្វារចរន្តមួយបាត់ស្រមោល ដែលធ្វើឱ្យមានការសង្ស័យថា ក្រុមសន្តិសុខហាងជាអ្នកបើកដៃ ឬសម្រួលឱ្យជនបង្កគេចខ្លួន។ ដោយឡែក ជនរងគ្រោះត្រូវបានសមត្ថកិច្ចអន្តរាគមន៍នាំខ្លួនទៅប៉ុស្តិ៍នគរបាល ដើម្បីសាកសួរ និងរៀបចំពាក្យបណ្តឹង ទាំងស្ថានភាពរាងកាយមានរបួស។
​ជុំវិញករណីនេះ មហាជន និងប្រជាពលរដ្ឋបានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ហើយបានសំណូមពរយ៉ាងទទូចដល់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍ ស្រាវជ្រាវតាមចាប់ខ្លួនជនបង្ក និងបក្សពួក រួមទាំងពិនិត្យមើលសកម្មភាពសន្តិសុខហាង «SAVAGE» ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងផ្តន្ទាទោសអ្នកប្រព្រឹត្តតាមផ្លូវច្បាប់ជាធរមាន។

Leave a Reply

Your email address will not be published. Required fields are marked *