ពលរដ្ឋបារម្ភរឿង «ថ្នាំកញ្ចប់ឱសថបុរាណ» គ្មានស្លាកសញ្ញានៅស្រុកសន្ទុក៖ មន្ទីរសុខាភិបាលបញ្ជាក់ថា បានផ្ញើគំរូទៅវិភាគរួចហើយ


​កំពង់ធំ៖ មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានចាត់វិធានការឆ្លើយតបភ្លាមៗ ដោយបានប្រមូលគំរូ «ថ្នាំកញ្ចប់ ឱសថបុរាណ» គ្មានប្រភពច្បាស់លាស់ យកទៅធ្វើកោសល្យវិច័យនៅមន្ទីរពិសោធន៍ជាតិ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។
​ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភជាសាធារណៈ ពាក់ព័ន្ធនឹងការចែកចាយ និងលក់ឱសថបុរាណជុំវិញទីតាំងព្យាបាលជំងឺតាមបែបជំនឿរបស់លោកគ្រូ ជឿន (ហៅ «គ្រូទេវតា») ស្ថិតនៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ទីតាំងនេះបានទាក់ទាញពលរដ្ឋមកពីគ្រប់ទិសទីឱ្យមកសម្រាក និងទទួលការព្យាបាលជាហូរហែ។
​ចំណុចព្រួយបារម្ភលើឱសថគ្មានប្រភព
ក្រុមការងារសារព័ត៌មានបានសង្កេតឃើញថា «ថ្នាំកញ្ចប់ ឱសថបុរាណ» ដែលកំពុងចរាចរណ៍នៅទីតាំងនោះ និងមានការផ្សព្វផ្សាយលើបណ្តាញសង្គម ត្រូវគេអះអាងថាអាចព្យាបាលជំងឺសរសៃ ស្ពឹកស្រពន់ និងបញ្ហាឌីសជាដើម។ ទោះជាយ៉ាងណា ថ្នាំទាំងនោះមានលក្ខណៈជាចំណិតឈើ ឬវត្ថុធាតុដើមស្ងួត ច្រកក្នុងថង់ប្លាស្ទិកចងជាកញ្ចប់សាមញ្ញ ដោយពុំមាន៖
​ស្លាកសញ្ញាបញ្ជាក់សមាសធាតុផ្សំ និងប្រភពផលិត
​ការណែនាំពីរបៀប និងកម្រិតប្រើប្រាស់
​ការបញ្ជាក់ពីការប្រុងប្រយ័ត្ន ឬកាលបរិច្ឆេទផុតកំណត់ឡើយ។
​ការបញ្ជាក់ផ្លូវការពីមន្ទីរសុខាភិបាល
លោក ប៉ឹក គឹមសាន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ស្ថាប័នជំនាញមិនបានមើលរំលងបញ្ហានេះឡើយ ដោយបានចាត់ក្រុមការងារចុះទិញឱសថទាំងនោះផ្ទាល់ ដើម្បីផ្ញើទៅកាន់មន្ទីរពិសោធន៍ជាតិ។
​លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា៖ «តាមពិត ថ្នាំហ្នឹងគឺខ្ញុំបានឱ្យក្រុមការងារទៅទិញពីគាត់ផ្ទាល់ ហើយយកទៅចូលនៅក្នុងមន្ទីរពិសោធន៍ជាតិ។ ក្រុមការងារព្រួយបារម្ភក្រែងលោគាត់យកទៅត្រាំជាតិគីមីអ្វីផ្សេងក្រៅពីវត្ថុធាតុដើមរបស់គាត់ ហើយកិច្ចការនេះ ខ្ញុំបានធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងរៀងរាល់សប្តាហ៍»។
​ទោះបីជាប្រជាពលរដ្ឋមានសិទ្ធិស្វែងរកការព្យាបាលតាមបែបជំនឿ ឬវិធីបុរាណ ប៉ុន្តែការត្រួតពិនិត្យផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ គឺជាខែលការពារដ៏សំខាន់ដើម្បីធានាថា ឱសថទាំងនោះគ្មានសារធាតុគីមីគ្រោះថ្នាក់។ បច្ចុប្បន្ន សាធារណជនកំពុងរង់ចាំមើលលទ្ធផលធ្វើកោសល្យវិច័យផ្លូវការ ដើម្បីដឹងច្បាស់ពីសុវត្ថិភាពនៃឱសថបុរាណទាំងនោះ។

Leave a Reply

Your email address will not be published. Required fields are marked *