កំពង់ឆ្នាំង ៖ យុទ្ធនាការអប់រំ និងផ្សព្វផ្សាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ជំហានទី២ បានធ្វើដំណើរមកដល់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដើម្បីបន្តបណ្តុះបណ្តាល និងពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីមូលដ្ឋាន អំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ និង ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង (តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត) លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្ត និងលោក សេង លីរតនៈ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន សរុបប្រមាណជាង ៦០០នាក់។
យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងជាសាធារណៈអំពីសុវត្ថិភាពឌីជីថល ការផ្ទៀងផ្ទាត់ប្រភពព័ត៌មានច្បាស់លាស់ និងការទប់ស្កាត់ការរាលដាលនៃព័ត៌មានក្លែងក្លាយ ដែលអាចបង្កឱ្យមានភាពវឹកវរ និងផលប៉ះពាល់អវិជ្ជមានដល់សង្គមជាតិ។

