​ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ជូនប្រជាពលរដ្ឋ និងគាំទ្រទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទ ននៅស្រុកស្ទោង

​ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានដឹកនាំសហការីនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅចែកជូនប្រជានេសាទដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ក្នុងរដូវបិទនេសាទ នៅឃុំពាមបាង ស្រុកស្ទោង ដែលជាតំបន់ជាប់មាត់បឹងទន្លេសាប។
​ទន្ទឹមនឹងនេះ ក្រុមការងារក៏បានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ជូនដល់ទីបញ្ជាការស្រាល ដើម្បីគាំទ្រសកម្មភាពបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទឆ្នាំ២០២៦ នេះផងដែរ។
​ក្នុងរបាយការណ៍ស្វាគមន៍ លោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការបង្ក្រាបបទល្មើសនេសាទឃុំពាមបាង បានឱ្យដឹងថា ដោយសាររដូវនេះជាពេលវេលាបិទនេសាទ ហើយប្រជាពលរដ្ឋភាគច្រើនគ្មានមុខរបរអ្វីផ្សេងក្រៅពីការនេសាទ ទើបធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជួបការលំបាកខ្លាំង។ កន្លងមក កងទ័ពប្រចាំការនៅទីបញ្ជាការស្រាល តែងតែបែងចែករបបហូបចុក និងស្បៀងបន្ថែមដែលទទួលបានពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីជួយសម្រាលការលំបាកដល់ពលរដ្ឋជាបន្តបន្ទាប់។
​មានប្រសាសន៍នាឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់កងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទទទួលបានលទ្ធផលល្អ និងបានអរគុណដល់កងកម្លាំងទីបញ្ជាការស្រាល ដែលតែងមានស្មារតីសាមគ្គី ចែករំលែកស្បៀងអាហារជួយពលរដ្ឋ ឆ្លុះបញ្ចាំងពីគុណធម៌របស់កងទ័ពក្នុងការ “រួមសុខ រួមទុក្ខ និងបម្រើប្រជាជន”។
​ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ស្តីពីជលផលទាំងអស់គ្នា ដោយបញ្ឈប់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជា ឧបករណ៍ឆក់ ឬស្បែមុង ជាដាច់ខាត។ លោកបានបញ្ជាក់ថា ការហាមឃាត់ក្នុងរដូវបិទនេសាទនេះ គឺដើម្បីថែរក្សាធនធានមច្ឆជាតិឱ្យមានឱកាសពងកូន និងបន្តពូជ ដែលនឹងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋវិញ នៅពេលរដូវបើកការនេសាទចូលមកដល់។
​គួរបញ្ជាក់ថា អំណោយរបស់សម្តេចធិបតី និងលោកជំទាវ ដែលបានប្រគល់ជូនប្រជាពលរដ្ឋទាំង ២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖
​អង្ករ ២៥ គីឡូក្រាម
​មីជាតិ ១ កេស
​ទឹកត្រី និងទឹកស៊ីអ៊ីវ ២ យួរ
​ត្រីខកំប៉ុង ១ យួរ
​ចំណែកឯកងកម្លាំងប្រចាំការនៅទីបញ្ជាការស្រាល ក៏ទទួលបានស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ដើម្បីប្តេជ្ញាចិត្តបន្តបេសកកម្មបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

Leave a Reply

Your email address will not be published. Required fields are marked *