(កំពង់ធំ)៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រគល់សាឡង់ចំនួន ២គ្រឿង ជូនដល់រដ្ឋបាលឃុំឈើទាល និងរដ្ឋបាលឃុំមានជ័យ ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងសម្រួលដល់ការធ្វើដំណើរតាមផ្លូវទឹករបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានគូសបញ្ជាក់ថា ការផ្តល់ជូននេះគឺស្តែងចេញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការប្រគល់សាឡង់ទាំង ២គ្រឿងនេះ មានគោលបំណងជួយសម្រួលការធ្វើដំណើរទូទៅ ពិសេសគឺជួយដល់សិស្សានុសិស្សឱ្យអាចធ្វើដំណើរទៅសិក្សារៀនសូត្របានទាន់ពេលវេលា សុវត្ថិភាព និងកាត់បន្ថយការលំបាកប្រចាំថ្ងៃ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា និងការពារធនធានធម្មជាតិ ព្រមទាំងគោរពច្បាប់របស់រដ្ឋ ដោយដាច់ខាតមិនត្រូវទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។ ការចូលរួមការពារដីព្រៃ និងធនធានធម្មជាតិ គឺជាកត្តាស្នូលក្នុងការអភិរក្សសម្បត្តិជាតិ និងជួយឱ្យការអភិវឌ្ឍមានចីរភាព។
បន្ថែមពីនេះ ឯកឧត្តម នួន ផារ័ត្ន បានស្នើឱ្យមាតាបិតា និងអាណាព្យាបាល យកចិត្តទុកដាក់បញ្ជូនកូនចៅឱ្យទៅរៀនសូត្រគ្រប់ៗគ្នា ព្រោះយុវជន និងសិស្សានុសិស្ស គឺជាកម្លាំងស្នូល និងជាទំពាំងស្នងឫស្សីយ៉ាងសំខាន់សម្រាប់អនាគតប្រទេសជាតិ។
ពិធីប្រគល់សាឡង់នាពេលនេះ ត្រូវបានចាត់ទុកជាការរួមចំណែកពង្រឹងសេវាសាធារណៈនៅមូលដ្ឋាន និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ឱ្យកាន់តែប្រសើរឡើង៕

