ផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរីស្ថាបនាបានជិត ៩៩% នៃប្រវែងផ្លូវជាង២៦៤គីឡូម៉ែត្រក្រោមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ដោយ : ភ្នំធំ / ភូមិភាគឦសាន :លទ្ធផលសាងសង់ផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី ក្រោមលុយមូលនិធិរបស់ប្រជាពលរដ្ឋ
ការកសាងបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្មើនឹងប្រមាណ ៩៨,៨៧%។

ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កន្លងមកដោយសម្រេចបានលទ្ធផលយ៉ាងធំធេង ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៍សង្ខេបបានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ២០ខែមកនេះ ក្រុមការងារចំពោះកិច្ចបានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវចំនួន៨កងឯកភាព ដោយប្រើប្រាស់រថយន្ត គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទសរុប ២៨៦គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរីមាន ៥កងឯកភាពប្រើប្រាស់ ២០០គ្រឿង និងខេត្តរតនគិរីមាន ៣កងឯកភាពប្រើប្រាស់ ៨៦គ្រឿង។

ជាមួយគ្នានោះ ការងាររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញាស្ថាបនាផ្លូវ ត្រូវបានសម្រេចជាស្ថាពរលើផ្ទៃដីសរុបទំហំ ៦.៦១០.០០០ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន ១០៦គ្រាប់ ក្នុងនោះមានគ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន៤៣គ្រាប់ និងលោហធាតុ ១.០០៦គីឡូក្រាម។

ចំពោះវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រវាត់ព្រំដែនដែលមានប្រវែងសរុប ២៦៤,៤០គីឡូម៉ែត្រ ក្រុមការងារបានឈូសព្រៃទទឹង ៥ម៉ែត្រ បានប្រវែង ២៦៤,៤០គីឡូម៉ែត្រ ឈូសផ្លូវទទឹង ២០ម៉ែត្រសម្រាប់រកអ័ក្សបាន ២៦៤,៤០គីឡូម៉ែត្រ លុបជ្រលង បន្ទាបចំណោតភ្នំ ចិតជញ្ជាំងភ្នំ ជីកប្រឡាយ និងកសាងតួផ្លូវសម្រេចបានប្រវែង ២៦១,៩០គីឡូម៉ែត្រ ព្រមទាំងចាក់ក្រាលល្បាយកម្ទេចថ្ម និងកិនបង្ហាប់បានប្រវែង ២៥១,៩០គីឡូម៉ែត្រ។
លទ្ធផលរួមនៃការកសាងផ្លូវនេះ គឺសម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដោយខេត្តមណ្ឌលគិរីសម្រេចបាន ១០០% និងខេត្តរតនគិរីសម្រេចបាន ៩៧,៦៣%។
លើសពីនេះ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កងឯកភាពលេខ៧១៥ ក៏បានឈូសបើកផ្លូវក្នុងទឹកដីកម្ពុជាទៅដល់បង្គោលលេខ ០ (តំបន់កន្ទុយនាគ) ដែលជាចំណុចប្រសព្វព្រំដែន កម្ពុជា-ឡាវ-វៀតណាម ផងដែរ។

ទន្ទឹមនឹងការស្ថាបនាតួផ្លូវ ក្រុមការងារក៏បានកសាងសម្រេចជាស្ថាពរនូវសំណង់សិល្បការ្យជាច្រើន រួមមាន លូប្រអប់សរុប ៥៤កន្លែង ស្មើនឹង ៤៦៤,៧០ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ ៤៨៤កន្លែង, សំណង់បេតុងរក្សាទឹកទុកប្រើប្រាស់សរុប ១៤កន្លែង ស្មើនឹង ៣០៥,៤០ម៉ែត្រ (ក្នុងនោះថ្នល់បេតុងបង្កៀររក្សាទឹក ៧កន្លែង និងទំនប់បេតុងបង្កៀររក្សាទឹក ៧កន្លែង), ស្ថាបនាស្ពានបេតុងចំនួន ២កន្លែង ប្រវែង ៥៤ម៉ែត្រ កសាងបង្គោលស្លាកមូលនិធិបាន ៦កន្លែង និងបានដាំកូនត្នោតដែលជាអត្តសញ្ញាណជាតិសរុបចំនួន ៥.១៦៦ដើម។

បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ចកំពុងបន្តយកចិត្តទុកដាក់លើការងារថែទាំបច្ចេកទេសខ្សែផ្លូវក្នុងទិសខេត្តមណ្ឌលគិរីដែលបានស្ថាបនារួច ដើម្បីធានាគុណភាពរឹងមាំក្នុងរដូវវស្សា ព្រមទាំងបន្តជំរុញល្បឿនស្ថាបនាផ្លូវ និងសំណង់សិល្បការ្យនៅទិសខេត្តរតនគិរីឱ្យបានលឿនបំផុត រួមទាំងការដឹកជញ្ជូនប្រេងឥន្ធនៈ និងវត្ថុធាតុដើមបន្ថែមដើម្បីបញ្ចប់គម្រោងតាមផែនការគ្រោងទុក។
ក្រុមការងារប្តេជ្ញាបន្តខិតខំអនុវត្តភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តផ្តល់ព័ត៌មានពីវឌ្ឍនភាពថ្មីៗជូនសាធារណជនជ្រាបជាបន្តបន្ទាប់ទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *