ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាព្រឹកថ្ងៃទី១៤មិថុនា២០២៦ លោកងួន ណារ៉ា ប្រធាន តុលាការ រាជធានី ភ្នំពេញ និងសហការីបានអញ្ជើញទៅពិនិត្យមើលភូមិ , សួរសុខទុក្ខអ្នកភូមិជាជនភៀសសឹកនិងឆៀងចូលពិសារកាហ្វេនៅភូមិរង់ចាំ ឃុំស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យឬមណ្ឌលស្នាក់នៅបណ្តោះអាសន្នជនភៀសសឹកស្លក្រាម។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកខេង ស៊ុម អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោកបឹង គឹមសឹង្ហ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដែលកំពុងបំពេញការងារនៅទីនោះដែរ បានទទួលស្វាគមន៍និងមានក្តីរីករាយចំពោះវត្តមានជាថ្មីរបស់លោកងួន ណារ៉ា ប្រធានតុលាការរាជធានីភ្នំពេញនិងសហការី។
ចំពោះអារម្មណ៍ ពួកគាត់ ក៏ដូចពលរដ្ឋ មន្ត្រីរាជការក្នុងខេត្តនេះនិងទូទាំងប្រទេសសុទ្ធតែពេញចិត្តនិងអរជាខ្លាំងនឹងការដប្រសិទ្ធនាម(ហៅឈ្មោះ) របស់សម្តេចតេជោហ៊ុន សែន លើមណ្ឌលស្នាក់នៅបណ្តោះអាសន្នជនភៀសសឹកស្លក្រាមឬផ្ទះបៃតងអតីតយុទ្ធជននៅឃុំស្លក្រាមស្រុកស្វាយចេកនេះ ថាជា”ភូមិរង់ចាំ” ។
ចំពោះលោក ងួន ណារ៉ា លោកបានយល់និងមានប្រសាសន៍ថា ៖ ” ភូមិរង់ចាំនឹងក្លាយជាអនុស្សាវរីយ៏នៃការចងចាំជានិច្ចដែលមិនអាចបំភ្លេចបាន” ។
កន្លងមក តាំងពីក្នុងអំឡុងមុននិងក្រោយសង្គ្រាមព្រំដែនដែលបង្កឡើងដោយយោធាថៃឈ្លានពានទាំង២លើក លោកងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ (អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ) និងសហការីក្នុងមនោសញ្ចេតនានឹករលឹកនិងចូលរួមជាមួយរាជរដ្ឋាភិបាល បានចុះសួរសុខទុក្ខនិងពាំនាំនូវអំណោយផ្ទាល់ខ្លួននិងរបស់សប្បុរសជនជាបន្តបន្ទាប់ទៅជូនប្រជាពលរដ្ឋរងគ្រោះ ពលរដ្ឋភៀសសឹក កងកម្លាំងនៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង រាជធានីភ្នំពេញ ខេត្តសៀមរាប ។
សូមរំលឹកថា សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីកាលពីព្រឹកថ្ងៃទី៩មិថុនាឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយពលរដ្ឋនៅមណ្ឌលភៀសសឹកស្លក្រាមស្រុកស្វាយចេកចំនួន៣.៣១៨គ្រួសារស្មើនឹងចំនួន១១.២១៧នាក់ ។
នាព្រលឹមស្រាងៗថ្ងៃនោះ សម្តេចតេជោបានអញ្ជើញចុះជួបសួរសុខទុក្ខពលរដ្ឋមួយចំនួនមកពីភូមិបន្ទាយមានរឹទ្ធនិងភូមិត្រពាំងសំរោងនៅប៉ែកខាងត្បូងឬច្រកចូលមណ្ឌល ។
ក្នុងនោះសម្តេចក៏បានឆៀងចូលសួរសុខទុក្ខយ៉ាងសាមញ្ញ ស្និតស្នាលនិងអង្គុយពិសារកាហ្វេនៅផ្ទះរបស់អ្នកស្រីអ៊ឹម ច្រឹប ផងដែរ ហើយសម្តេចបានហៅកាហ្វេលក់ទីនោះថា “កាហ្វេភូមិរង់ចាំ” ។
រួចសម្តេចក៏ប្រើប្រាស់ទូរស័ព្ទផ្ទាល់បានស្កែនបាញ់លុយចំនួន១.០០០ដុល្លាសរអាជូនពលរដ្ឋនេះសម្រាប់យកទៅកែលម្អបរិស្ថាន តសំយាបផ្ទះនិងចាក់សាបដើម្បីឲ្យកាន់តែងាយស្រួលប្រកបរបរនេះ។
ពីជំរំឬមណ្ឌលស្នាក់បណ្ដោះអាសន្នជនភៀសសឹកនៃខេត្តបន្ទាយមានជ័យនាថ្ងៃនោះ សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកនេះ ថា «ភូមិរង់ចាំ»។
គឺយើងរង់ចាំនូវការទាមទារទឹកដីដែលថៃឈ្លានពាននិងកាន់កាប់ខុសច្បាប់មកវិញដើម្បីប្រគល់ជូនប្រជាពលរដ្ឋ។
អ្នកស្រីអ៊ឹម ច្រឹប អ្នកលក់កាហ្វេនៅភូមិរង់ចាំនោះ បានប្រាប់ថា : និងអ្នកស្រីនិងស្វាមីឈ្មោះឆោម រឿន ជាពលរដ្ឋរស់នៅភូមិត្រពាំងសំរោងឃុំគោករមៀតស្រុកថ្មពួក ។ ពួកខ្លួនមានកូន២នាក់ ។ មុនភៀសសឹក កាលនៅភូមិ អ្នកស្រី ក៏ប្រកបរបរលក់កាហ្វេ សារ៉ូទឹកកកនេះដែរ ហើយមានតូបលក់ប៉ូនតូបនៅភូមិរង់ចាំនេះដែរ ។
អ្នកស្រីនិងក្រុមគ្រួសារសូមគោរពថ្លែងអំណរគុណចំពោះអាជ្ញាធរ រាជរដ្ឋាភិបាលនិងដៃគូនានាដែលបានផ្តល់ដី សាងសង់ផ្ទះនិងផ្តល់ការឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាងដល់គ្រួសារអ្នកស្រី ក៏ដូចជាពលរដ្ឋនៅភូមិរង់ចាំទាំង៦។
អ្នកស្រីក៏សូមគោរពអរគុណ ដឹងគុណសម្តេចតេជោហ៊ុន សែន ដែលបានផ្តល់លាភសំណាងនិងឧបត្ថម្ភដល់អ្នកស្រីនិងក្រុមគ្រួសារ ។ក៏សូមគោរពអរគុណលោកប្រធានតុលាការរាជធានីភ្នំពេញដែលឆៀងមកពិសារកាហ្វេនិងឧបត្ថម្ភអ្នកស្រី។ក៏អរគុណនិងដឹងគុណលោកអភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រី ក៏ដូចជាអ្នកពាក់ព័ន្ធទាំងឡាយ ។
លោករ៉ន សារឿត មេភូមិត្រពាំងសំរោងនៃមណ្ឌលជនភៀសសឹកនេះប្រាប់សារព៍ត៌មានថ្ងៃទី១៤ខែមិថុនាថា: ពលរដ្ឋភៀសសឹកមកពីភូមិត្រពាំងសំរោងមានចំនួន៤៧៥គ្រួសារ មនុស្សរាយជាង១ ៧០០នាក់។ ក្នុងនោះ អ្នកស្រីអ៊ឹម ច្រឹប ក៏ជាពលរដ្ឋរស់នៅភូមិនេះដែរ។ លោកថា ក្នុងចំណោមពលរដ្ឋភៀសសឹកក្នុងភូមិលោកគ្រប់គ្រប់មាន : ២០% បានប្រកបរបរឡើងវិញ ,៤០% ចេញប្រកបរបរខាងក្រៅមណ្ឌលនិង៤០% ស្ថិតនៅក្នុងមណ្ឌល មិនទាន់មានរបរថ្មី។
លោករ៉ន សារឿត សូមចូលរួមអបអរនិងសោមនស្សរីករាយជាមួយពលរដ្ឋអ៊ឹម ច្រឹប ថាមានលាភសំណាង រាសីបើកត្រូវត្រូវឆ្នោត១០០លាន ដោយមានមហាកិត្តិយសដែលសម្តេចតេជោអញ្ជើញសួរសុខទុក្ខដល់ផ្ទះនិងពិសារកាហ្វេ ក៏ដូចជាឧបត្ថម្ភ។

