ខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការជាតិ និងគោលនយោបាយពិការភាព ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព


​(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ គោលនយោបាយ ផែនការជាតិ និងបទបញ្ជានានា ពាក់ព័ន្ធនឹងវិស័យពិការភាព។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករង នៃក្រសួងមហាផ្ទៃ និងឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ។
​សិក្ខាសាលានេះមានការចូលរួមពី តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣, គណៈអភិបាលក្រុង-ស្រុកទាំង៩, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជុំវិញខេត្ត។ គោលបំណងគឺដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការធានាឱ្យជនមានពិការភាពទទួលបានសិទ្ធិ ឱកាស និងការចូលរួមដោយស្មើភាពក្នុងសង្គម ស្របតាមគោលនយោបាយបរិយាបន្នរបស់រាជរដ្ឋាភិបាល។
​មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព តាមរយៈ៖
​ការកាត់បន្ថយភាពក្រីក្រ និងបង្កើតឱកាសការងារ
​ការជំរុញការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម
​ការផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងការស្តារលទ្ធភាពពលកម្ម
​ការពង្រឹងកិច្ចការពារផ្នែកយុត្តិធម៌ ដើម្បីទប់ស្កាត់ការរើសអើង ការរំលោភបំពាន និងការកេងប្រវ័ញ្ចនានា។
​ក្នុងទិសដៅស្រដៀងគ្នានេះដែរ ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករងនៃក្រសួងមហាផ្ទៃ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យពិការភាពជាការងារអាទិភាពមួយ ដោយបានដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រជាតិ តាមរយៈការពង្រឹងកិច្ចគាំពារសង្គម។ ជាក់ស្តែង «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០extract២៨» ត្រូវបានរៀបចំឡើងយ៉ាងច្បាស់លាស់ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការអនុវត្ត តាមដាន និងវាយតម្លៃការងារលើកកម្ពស់សុខុមាលភាពជនមានពិការភាព។
​ជាទីបញ្ចប់ ឯកឧត្តម ជា ប៊ុនហេង ក៏បានជំរុញ និងផ្តល់អនុសាសន៍ដល់សិក្ខាកាម ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពអនុវត្តផែនការយុទ្ធសាស្ត្រជាតិ និងបទដ្ឋានបច្ចេកទេសនានា ព្រមទាំងបន្តផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ឱ្យបានទូលំទូលាយ សំដៅធានាបាននូវសិទ្ធិ សមភាព និងផលប្រយោជន៍ដ៏ពិតប្រាកដរបស់ជនមានពិការភាពនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *