(កំពង់ធំ)៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី «ការពង្រឹងការងារព័ត៌មាន និងសាធារណមតិ» នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិក្នុងបណ្ដាញសង្គម ស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ដើម្បីធានាបាននូវការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះសាធារណជន។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាលក្រុង-ស្រុកទាំង៩ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្តផងដែរ។
តួនាទីគន្លឹះរបស់ក្រុមការងារសម្របសម្រួលព័ត៌មាន
ក្នុងឱកាសនោះ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានធ្វើបទអន្តរាគមន៍ស្ដីពីតួនាទី និងភារកិច្ចរបស់ក្រុមការងារសម្របសម្រួលព័ត៌មាន ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖
តាមដាន និងបន្សាបព័ត៌មានក្លែងក្លាយ៖ ស្វែងរក និងទប់ស្កាត់រាល់ព័ត៌មានមិនពិតដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
ជំរុញការផ្សព្វផ្សាយព័ត៌មានពិត៖ ផ្តល់ព័ត៌មានប្រកបដោយតម្លាភាព និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
បង្ហាញពីសមិទ្ធផលខេត្ត៖ បញ្ជ្រាបព័ត៌មានពិតជូនសាធារណជន ស្តីពីការអភិវឌ្ឍខេត្ត ក៏ដូចជាការលើកកម្ពស់កិត្យានុភាព និងសមិទ្ធផលការងាររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
ការណែនាំសំខាន់ៗរបស់ ឯកឧត្តម អភិបាលរងខេត្ត
មានប្រសាសន៍ដឹកនាំក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន បុត្ត បានក្រើនរំឭកដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក និងកងកម្លាំងទាំងអស់ ជាពិសេស “អ្នកនាំពាក្យ” ត្រូវយកចិត្តទុកដាក់លើការងារចំពោះមុខចំនួន ៣ ៖
១. តាមដានជាប់ជាប្រចាំ៖ ត្រូវស្រាវជ្រាវ និងក្ដាប់សភាពការណ៍ព័ត៌មានឱ្យបានជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសឡើយ។
២. ពន្លឿនការឆ្លើយតប៖ ត្រូវបកស្រាយបំភ្លឺព័ត៌មានពាក់ព័ន្ធឱ្យបានទាន់ពេលវេលា ច្បាស់លាស់ និងត្រឹមត្រូវ ដោយប្រើប្រាស់ព័ត៌មានពិតជាមូលដ្ឋាន។
៣. បន្សាបការបំភាន់៖ វាយបក និងបន្សាបព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុល ដែលបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន ឬថ្នាក់ដឹកនាំ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយ និងព័ត៌មានបែបបំពុលសង្គម ដែលគ្មានប្រភពច្បាស់លាស់ (ជាពិសេសមកពីគេហទំព័រ ឬបណ្ដាញសង្គមនៅក្រៅប្រទេសដែលមាននិន្នាការលម្អៀង ឬបង្កើតឡើងដោយក្រុមជនខិលខូចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន) អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ។
ជាទីបញ្ចប់ ឯកឧត្តម អ៊ុន បុត្ត បានអំពាវនាវឱ្យគ្រប់មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បង្កើនការយកចិត្តទុកដាក់ ស្រាវជ្រាវ និងរួមគ្នាទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ព្រមទាំងពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជនឱ្យបានទូលំទូលាយ៕ដោយ អ៊ួង សុផាត

