អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រកាសបិទសវនកម្មនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥

​(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន អគ្គនាយករង តំណាងឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានកងកម្លាំងចូលរួមសរុបចំនួន ២៣០នាក់។
​ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអគ្គនាយករង និងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះបំពេញភារកិច្ច។ លោកស្នងការរង ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ និងកត់ត្រានូវរាល់អនុសាសន៍ និងបទពិសោធន៍ល្អៗពីគណៈអធិបតី ដើម្បីយកទៅធ្វើជាផែនទីចង្អុលទិសក្នុងការអនុវត្តតួនាទី និងភារកិច្ចជំនាញប្រចាំថ្ងៃ ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។
​លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន បានមានប្រសាសន៍ថា ការចុះធ្វើសវនកម្មនេះ គឺដើម្បីតម្រង់ទិស និងកែលម្អចំណុចខ្វះខាតនានា តាមបណ្តាអង្គភាពស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ ឱ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន។
​លោកអគ្គនាយករង បានគូសបញ្ជាក់ថា លទ្ធផលនៃការចុះធ្វើសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនាពេលកន្លងមកនេះ បានឆ្លើយតបទៅនឹងការចូលរួមចំណែកពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ស្នងការដ្ឋាន ក៏ដូចជាអង្គភាពពាក់ព័ន្ធចំណុះ ក្រោមការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់លើប្រសិទ្ធភាពការងារ ដោយផ្តោតសំខាន់លើ ៣ចំណុច រួមមាន៖
​១- ការងារគ្រប់គ្រងធនធានមនុស្ស
​២- ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
​៣- ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
​ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន ក៏បានថ្លែងអំណរគុណដល់លោកស្នងការ លោក-លោកស្រីស្នងការរងផែនជំនាញ និងលោកអធិការក្រុង-ស្រុកទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ធ្វើឱ្យដំណើរការសវនកម្មប្រព្រឹត្តទៅដោយរលូនតាមការរំពឹងទុក និងស្របតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងកោតសរសើរចំពោះការខិតខំប្រឹងប្រែងកសាង និងកែលម្អអង្គភាពឱ្យមានការអភិវឌ្ឍរីកចម្រើន។
​ជាចុងក្រោយ លោកអគ្គនាយករង បានដាក់ទិសដៅក្រើនរំលឹកដល់ថ្នាក់ដឹកនាំស្នងការដ្ឋាន អធិការដ្ឋាន ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗដូចខាងក្រោម៖
​ការផ្តល់សេវាសាធារណៈ៖ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ជាពិសេសសេវាអត្តសញ្ញាណកម្ម (ទាំងសេវាមិនតម្រូវឱ្យបង់កម្រៃ និងសេវាត្រូវបង់កម្រៃ) ដោយត្រូវអនុលោមតាមអនុក្រឹត្យលេខ៩៦ អនក្រ.បក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
​ការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ៖ ត្រូវចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ និងអនុវត្តវិធានការច្បាប់ ក៏ដូចជានីតិវិធីផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ស្របតាមប្រកាសអន្តរក្រសួងលេខ ១៦១ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
​ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា៖ ត្រូវសកម្មក្នុងការដោះស្រាយយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online) ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ព្រមទាំងជម្រុញការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងបង្កើនប្រសិទ្ធភាពស្រាវជ្រាវស៊ើបអង្កេត ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ៕

Leave a Reply

Your email address will not be published. Required fields are marked *