ទាល់តែមានការរិះគន់ទើបភ្ញាក់? មន្ត្រីជំនាញស្ទុះស្ទាចុះបង្ក្រាបតូបលក់សត្វព្រៃ និងសត្វស្រុកបន្លំភ្នែកតាមផ្លូវជាតិលេខ៥ ក្រោយសារព័ត៌មានចុះផ្សាយ ​

ខេត្តកំពង់ឆ្នាំង៖ ភាពយឺតយ៉ាវនិងភាពស្ពឹកស្រពន់របស់មន្ត្រីជំនាញ បានរងការរិះគន់ជាថ្មីម្តងទៀត ពីសំណាក់មហាជន ក្រោយពីទុកបណ្តោយឱ្យមានការដាក់តាំងលក់សាច់សត្វព្រៃ និងសត្វស្រុកបន្លំជាសត្វព្រៃយ៉ាងអនាធិបតេយ្យ។ ទោះជាយ៉ាងណា ក្រោយពីមានការចុះផ្សាយដាស់តឿនពីសារព័ត៌មាន ពេលនេះមន្ត្រីជំនាញបាន «ភ្ញាក់ពីដំណេក» និងស្ទុះស្ទាចុះបង្ក្រាបទីតាំងទាំងនោះភ្លាមៗ។
​ប្រតិបត្តិការនេះបានធ្វើឡើងនៅលើដងផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៧២ និងលេខ ៧៣ ស្ថិតក្នុងភូមិអូរសណ្ដាន់ ឃុំទឹករហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
​យោងតាមសេចក្តីរាយការណ៍របស់ លោក ឈឺន វុធ ប្រធានមន្ទីរបរិស្ថានស្ដីទីខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០2៦ រូបលោកបានដឹកនាំមន្ត្រីការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង និងមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដោយមានការចូលរួមពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះត្រួតពិនិត្យ និងបង្ក្រាបការជួញដូរសត្វព្រៃនៅចំណុចខាងលើ។
​នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញតូបចំនួន ៥ នៅសងខាងផ្លូវជាតិ ដែលមានចងភ្ជួរដាក់តាំងលក់សត្វព្រៃ និងសត្វស្រុកបន្លំជាសត្វព្រៃជាច្រើនក្បាល។
​វត្ថុតាងដែលត្រូវបានដកហូតរួមមាន៖
​សត្វនៅរស់៖ សត្វត្រកួត ១ ក្បាល និងសត្វថ្លំុ ៣ ក្បាល។
​សត្វងាប់៖ សត្វពស់ចាន់តាមម ២ ក្បាល, ពស់សាំងសឿ ៥ ក្បាល, ពស់ព្រៃ ១ ក្បាល, ព្រាប ១៥ ក្បាល, ខ្វែក ១ ក្បាល, ននាលខ្យង ១ ក្បាល, ថ្លុំ ១ ក្បាល, ជៀស ៤១ ក្បាល និងសត្វឆ្មាងាប់បន្លំជាសត្វខ្លាត្រីចំនួន ២ ក្បាល។
​ក្រោយការដកហូត ក្រុមការងារបានសម្រេចយកសត្វដែលងាប់ទាំងអស់ទៅដុតបំផ្លាញចោល នៅស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី-ភ្នំទូកមាស។ ដោយឡែក សត្វដែលនៅរស់ ត្រូវបានយកទៅលែងក្នុងតំបន់អភិរក្សធម្មជាតិ របស់សមាគមទូកមាសកង្រី ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ដោយមានការចូលរួមដឹងឮពីអាជ្ញាធរ សមាជិកសមាគម និងមានការនិមន្តចូលរួមប្រោះព្រំពីព្រះសង្ឃផងដែរ។
​ទោះជាការចុះបង្ក្រាបនេះហាក់ដូចជា «ធ្វើប្រផេះប្រផុសតាមក្រោយសារព័ត៌មាន» យ៉ាងណាក្តី មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានប្ដេជ្ញាចិត្ត និងសន្យាថា នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបករណីជួញដូរសត្វព្រៃនេះជាបន្តបន្ទាប់ទៀត ដើម្បីកុំឱ្យមានការរិះគន់ពីពលរដ្ឋតទៅទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *