(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានបើកប្រតិបត្តិការសហការជាមួយ លោក ងន់ ចាន់ធារៈ អនុប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប.) រាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែង។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពី លោក លី គឹមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះទៅដល់ទីតាំងផ្ទះលេខ ១០២ ផ្លូវលេខ ៧៩ BT ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្រោយពីមានការសង្ស័យថា ទីតាំងខាងលើមានការនាំចូល ស្តុកទុក ចរាចរ និងចែកចាយនូវផលិតផលសាច់បង្កក ដែលមានប្រភពមកពីប្រទេសថៃដោយខុសច្បាប់។
បច្ចុប្បន្ន គណៈកម្មការចម្រុះកំពុងបន្តអនុវត្តវិធានការច្បាប់ និងពិនិត្យជាក់ស្តែងទៅលើផលិតផលទាំងនោះ ដើម្បីចាត់ការទៅតាមនីតិវិធីជាបន្តបន្ទាប់។

