ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្នតាមនីតិវិធីច្បាប់ ពីបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រជាក់) បន្ទាប់ពីកម្លាំងជំនាញខណ្ឌជលផល សហការជាមួយកម្លាំងអន្តរាគមន៍យោធាបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប (ង ៧០) ដេញចាប់ក្របួចបានកាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឌុច រ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ប្រភពដដែលបានបន្តថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះ កម្លាំងសមត្ថកិច្ចបានដេញចាប់ និងកៀរកាណូតរបស់ជនសង្ស័យ បណ្តាលឱ្យលិចទូក។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឌុច រ៉ា បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី (ឆក់ត្រជាក់) នៅលើផ្ទៃទឹកទន្លេសាបពិតប្រាកដមែន។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
ទូកស្មាច់ភ្ជាប់ម៉ាស៊ីន ចំនួន ០១គ្រឿង
កន្ត្រងសម្រាប់ដួសត្រីឆក់ ចំនួន ០១គ្រឿង
ផលនេសាទ (ត្រី) ចំនួន ០៣គីឡូក្រាម
ក្រោយពេលកើតហេតុ មន្ត្រីជំនាញខណ្ឌជលផលបានសម្រេចកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ រហូតមកដល់ពេលនេះ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យរូបនេះដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ ដើម្បីរង់ចាំការកាត់ទោសជាផ្លូវការ៕

