: លោក ឡាយ ស៊ីលី ជំរុញឱ្យពលរដ្ឋហ៊ានបញ្ចេញមតិក្នុងវេទិកាសាធារណៈ ដើម្បីរួមគ្នាអភិវឌ្ឍស្រុកស្ទោង ​

​(កំពង់ធំ)៖ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកឡើងថា ភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ សំណូមពរ ឬការបង្ហាញពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន។
​ការលើកឡើងបែបនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទោង អាណត្តិទី៤ ឆ្នាំ២០៦ ដែលបានរៀបចំឡើងនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
​លោកប្រធានក្រុមប្រឹក្សាស្រុក បានសង្កត់ធ្ងន់ថា អង្គវេទិកានេះ ក្រៅពីបង្ហាញនូវសមិទ្ធផល និងសកម្មភាពនានារបស់រដ្ឋបាលស្រុក ទាំងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាពេលកន្លងមក ក៏ជាឱកាសក្នុងការទទួលយកនូវការរិះគន់បែបស្ថាបនា ក៏ដូចជាមតិយោបល់នានាពីប្រជាពលរដ្ឋ ដើម្បីយកទៅកែលម្អការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែចំគោលដៅ និងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
​ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បញ្ហា បរិស្ថាន ក្មេងទំនើង គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ដើម្បីធានាបាននូវសង្គមមួយដែលមានសុវត្ថិភាព ថ្លៃថ្នូរ ពលរដ្ឋមានគុណធម៌ និងយុវជនមានវិន័យ ចំណេះដឹង។
​លោក ឡាយ ស៊ីលី បានបន្ថែមថា៖
​«ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍបានឆាប់រហ័ស ប្រជាពលរដ្ឋគឺជាចំណែកដ៏ធំបំផុត ក្នុងការចូលរួមវិភាគទានសព្វបែបយ៉ាង ជាពិសេសការរួមគ្នាថែរក្សាការពារសមិទ្ធផលដែលអាជ្ញាធរ រាជរដ្ឋាភិបាល និងក្រុមការងារចុះជួយមូលដ្ឋានបានកសាងជូន។ លើសពីនេះ មិនត្រូវរំលោភបំពានចំណីផ្លូវ ដែលនាំឱ្យផ្លូវតូចចង្អៀត ឆាប់ខូចមុនអាយុកាល ឬបង្កការកកស្ទះលូបង្ហូរទឹក ដែលនាំឱ្យមានជំនន់ទឹកភ្លៀង បង្កការលំបាក និងគ្រោះថ្នាក់ក្នុងការធ្វើដំណើរនោះឡើយ»។
​ដោយឡែក ចំពោះបញ្ហាប្រឈមមួយចំនួនដែលពុំទាន់បានដោះស្រាយ ឬផ្តល់ជូននាពេលនេះ លោកបានបញ្ជាក់ថា ដោយសារបញ្ហានោះហួសពីលទ្ធភាពផ្ទាល់របស់អាជ្ញាធរឃុំ ឬស្រុក ដែលទាមទារពេលវេលា និងការដោះស្រាយទៅតាមស្ថានភាពជាក់ស្តែង ពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន និងរាជរដ្ឋាភិបាលផ្ទាល់។

Leave a Reply

Your email address will not be published. Required fields are marked *