(ក្រចេះ)៖ កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោត ប៉ុស្តិ៍ត្បូងខ្លា សហការជាមួយសហគមន៍នេសាទអូរម្រះ បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោត ភូមិសាស្ត្រព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដោយដកហូតបានទូកស្មាច់ និងវត្ថុតាងល្មើសច្បាប់មួយចំនួន។
កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧:៤០ នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីជំនាញ បានឱ្យដឹងថា នៅក្នុងភូមិសាស្ត្រល្បាតខាងលើ ក្រុមការងារបានប្រទះឃើញទូកជនសង្ស័យចំនួន ១គ្រឿង កំពុងធ្វើសកម្មភាពឆក់ត្រីនៅចំណុចកោះថ្នាំ។ ភ្លាមៗនោះ ក្រុមការងារបានដេញបង្ក្រាប ប៉ុន្តែជនសង្ស័យបានព្យាយាមបើកទូករត់គេចខ្លួន ព្រមទាំងបានបោះចោលសម្ភារល្មើសមួយចំនួនចូលទៅក្នុងទឹកទន្លេ។ បន្ទាប់មក ជនសង្ស័យបានបើកទូកបុកច្រាំង នៅចំណុចក្បាលកោះដំបង ស្ថិតក្នុងភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ រួចរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវវត្ថុតាង រួមមាន៖
ទូកស្មាច់ ចំនួន ១គ្រឿង
ម៉ាស៊ីនទូក ចំនួន ១គ្រឿង
ថ្នាំញៀន ចំនួន ១កញ្ចប់តូច (ត្រូវបានប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្រះ រួចរាល់ហើយ)
បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុក ចំណែកឯមន្ត្រីជំនាញជលផល កំពុងបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន៕ដោយ អ៊ួង សុផាត

