ត្បូងឃ្មុំ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចាត់តាំងក្រុមការងារតំណាង ឱ្យចុះបំពេញបេសកកម្មគោរពវិញ្ញាណក្ខន្ធវីរជន។
ការចុះបំពេញបេសកកម្មនេះ បានធ្វើឡើងនៅថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយលោកឧត្តមសេនីយ៍ទោ ស្នងការ បានចាត់លោកឧត្តមសេនីយ៍ត្រី ពេជ្រ រុី ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ដើម្បីរំលឹកដល់គុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជន វីរយុទ្ធនារី ដែលបានពលិជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
ពិធីគោរពវិញ្ញាណក្ខន្ធនេះ ត្រូវបានរៀបចំឡើងយ៉ាងសំរម្យ និងអធិកអធម នៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

