ពោធិ៍សាត់៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបន្តដឹកនាំក្រុមការងារជំនាញចម្រុះ ចុះត្រួតពិនិត្យស្ថានភាពនេសាទ និងបង្រ្កាបបទល្មើសជលផលនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងក្រុមការងារនេះ រួមមាន៖ លោក ប៉ែន សេរីវុទ្ធី អនុប្រធានការិយាល័យវិវាទកម្ម, លោក សេង សុងលី នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ស្តីទី និងសហការី, លោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ, កងកម្លាំងយុទ្ធភូមិភាគទី៥ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងកងរាជអាវុធហត្ថ សរុបចំនួន ២៤ នាក់ ដោយប្រើប្រាស់កាណូតចំនួន ៣ គ្រឿង។
ក្នុងប្រតិបត្តិការបង្រ្កាប បានរកឃើញ និងចាត់វិធានការចំនួន ២ករណី៖
នៅចំណុចជ្រោយស្តី ភូមិត្រពាំងរំដេញ បានរុះរើបំផ្លាញឧបករណ៍នេសាទខុសច្បាប់ រួមមាន៖ របាំងសាច់អួនប្រវែង ១៥០ម៉ែត្រ ១របាំង, ឡុកសាច់អួន ១គ្រឿង, លូកងសាច់អួន ១មាត់ និងបង្គោលកូនឈើ ៣០ដើម។ ក្រុមការងារបានចាក់លែងកូនត្រីចម្រុះប្រមាណ ១០គីឡូក្រាមចូលទៅក្នុងបឹងទន្លេសាបវិញ។
នៅចំណុចកំពង់ថ្គោល បានរុះរើបង្គោលឈ្នក់ចំនួន ២កន្លែង ស្មើនឹង ៣២ដើម។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន ផល្លីកា បានថ្លែងកោតសរសើរ និងអំណរគុណដល់មន្រ្តី និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងសហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងសកម្ម។ ឯកឧត្តមបានសង្កេតឃើញថា ឧបករណ៍នេសាទខុសច្បាប់មានការថយចុះជាច្រើន ជាពិសេសរបាំងស្បៃមុង។ ការថយចុះនេះធ្វើឱ្យកូនត្រីដូចជា ត្រីប្រា ត្រីពោ និងត្រីរៀល បង្ហាញខ្លួនច្រើនជាងមុន ហើយប្រជានេសាទក៏កាន់តែយល់ដឹងអំពីការប្រើប្រាស់ឧបករណ៍ត្រឹមត្រូវក្នុងរដូវបិទនេសាទ។

