(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានស្នើដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងសមាជិកបក្សដែលជួបទុក្ខលំបាក ដើម្បីអាចបានដឹងអំពីសុខទុក្ខបងប្អូន និងថែរក្សាចំណងសាមគ្គីភាពរឹងមាំជាមហាគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា។
លោកជំទាវ ឃួន ឃុនឌី លើកឡើងបែបនេះនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំប្រចាំខែគណបក្សស្រុក នៅទីស្នាក់ការគណបក្សកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកជំទាវបានថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានដែលបានខិតខំ ប្រឹងប្រែងយ៉ាងសកម្មដើម្បីធ្វើឱ្យមានការរីកចម្រើននិងផ្តល់ភាពជឿជាក់ដល់សមាជិកសមាជិកាមូលដ្ឋាន ពិសេសផ្តល់ការធានាការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសុខសន្តិភាព ព្រមទាំងបានធានានូវសាមគ្គីភាពផ្ទៃក្នុងបានល្អ ដោយអនុវត្តន៍តាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
លោកជំទាវបានបន្តទៀតថាក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកជួបប្រទះនូវភាពមិនច្បាស់លាស់ ពិសេសការឡើងថ្លៃប្រេងឥន្ធនៈបានបង្កឲ្យមានផលប៉ះពាល់ដល់ប្រទេសនានាលើសកលលោកក្នុងនោះប្រទេសកម្ពុជាក៏បានទទួលរងនូវឥទ្ធិពលនេះដែរ តែរាជរដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហានេះដោយភាពច្បាស់លាស់ដើម្បីធានាឱ្យបានលំនឹងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជាយើង។ ដូចនេះក្រុម ការងារចុះមូលដ្ឋានទាំងអស់ត្រូវតែផ្សព្វផ្សាយព័ត៌មាននេះឲ្យបានទូលំទូលាយនឹងពន្យល់បកស្រាយឲ្យបានច្បាស់លាស់ទៅៈដល់ថ្នាក់មូលដ្ឋានក្នុងការផ្តល់ ភាពជឿជាក់ និងទំនុកចិត្តលើគណបក្សប្រជាជន ជៀសវាងជនអគតិជាបក្សប្រឆាំងមួយក្តាប់តូចយកបញ្ហានេះទៅវាយប្រហារ។បន្ថែមពីនេះក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តេចបានគិតគូរយ៉ាងហ្មត់ចត់ចំពោះកិច្ចការ សេដ្ឋកិច្ច ការដោះស្រាយបញ្ហាទំនាស់់ព្រំដែនជាមួយប្រទេសថៃ ពិសេសការពារនូវសុខសន្តិភាព ស្ថិរភាពឲ្យបានស្ថិតស្ថេរ។
លោកជំទាវលើកទឹកចិត្តឲ្យក្រុមការងារមិនត្រូវមើលស្រាលលើស្ថានភាពជាក់ស្តែងពេលនេះប្រសិនបើយើងមិនធ្វើសកម្មភាពទប់ស្កាត់បានទាន់ពេលវេលាទេនោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងការខិតខំរបស់ថ្នាក់ដឹកនាំ ហើយឈានទៅដល់ការប៉ះពាល់ដល់លទ្ធផលបោះឆ្នោតនាពេលខាងមុខនេះ។
លោកជំទាវ ឃួន ឃុនឌី សង្ឃឹមយ៉ាងមុតមាំថាយើងត្រូវតែរួបរួមសាមគ្គីគ្នាកសាងបំរើប្រជាពលរដ្ឋដើម្បីបង្ហាញនូវការឯកភាពផ្ទៃក្នុងបានល្អ ការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ខហើយជឿជាក់ថាយើងនឹងឈ្នះការបោះឆ្នោតនៅពេលខាងមុខនេះ។

