អាជ្ញាធខេត្តបន្ទាយមានជ័យឆ្លើយតបផែនការរបស់ថៃដែលស្នើឲ្យសហការរុះរើផ្ទះនិងបណ្តេញពលរដ្ឋខ្មែរ១៧០គ្រួសារ ចេញពីភូមិព្រៃចាន់និងភូមិជោគជ័យ ឃុំអូរបីជាន់

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :អាជ្ញាធខេត្តបន្ទាយមានជ័យឆ្លើយតបផែនការរបស់ថៃដែលស្នើឲ្យសហការរុះរើផ្ទះនិងបណ្តេញពលរដ្ឋខ្មែរ១៧០គ្រួសារ ចេញពីភូមិព្រៃចាន់និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅគឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន។.

ហើយនេះជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ។.ហើយក៏ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)។

នេះបើយោងលិខិតផ្លូវការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានផ្ញើជូនសមភាគីរដ្ឋបាលខេត្តស្រះកែវ លោកប៉ាក់រិនញ៉ា ពោធិសាត អផិបាលខេត្ត កាលពីថ្ងៃទី០២ខែកញ្ញា មកម្ល៉េះ ។

តាមលិខិតរបស់លោក អ៊ុំ រាត្រី បានលើកឡើងថា : កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អភិបាលខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាលំនៅដ្ឋាន ប្រជាជននៅភូមិសាស្ត្រ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ជាប់គ្នានឹងស្រុក គោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

លោកអ៊ុំ រាត្រី សរសេរដូច្នេះថា: «ខ្ញុំ សូមបញ្ជាក់ជូនឯកឧត្តមថា បញ្ហាខាងលើនេះគឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែននិងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)។
ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុង រស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ឆ្នាំ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។
ព្រមទាំងស្មារតីនៃ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ដោយត្រូវគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន និង MOU ២០០០ ក៏ដូចជាច្បាប់អន្តរជាតិ ព្រមទាំងការព្រមព្រៀងទាំងឡាយរបស់ប្រទេសទាំងពីរ ទាក់ទងនឹង កិច្ចការព្រំដែន។

លោកបន្តថា: ខ្ញុំសូមស្នើឱ្យឯកឧត្តមរក្សាស្ថានភាពព្រំដែននិងស្ថានភាពប្រជាជនកំពុងរស់នាពេល បច្ចុប្បន្ន ហើយទុកកិច្ចការងារនេះជូនទៅ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ។
សង្ឃឹមជឿជាក់ថា បញ្ហាខាងលើនេះនឹងមានដំណោះស្រាយល្អ ប្រកបដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ GBC និង JBC នាពេលដ៏ខ្លីខាងមុខនេះ។

តាមការអះអាងរបស់លោក អ៊ុំ រាត្រី  ពេលនេះប្រជាពលរដ្ឋរស់នៅផ្ទះសម្បែងរបស់ពួកគាត់ ហើយរស់នៅក្នុងទឹកដីកម្ពុជា ដែលមានអាជ្ញាធរខេត្ត និងកងកម្លាំងនៅការពារបងប្អូនដោយមិនឱ្យប្រទេសជិតខាងមកឈ្លានពាននិងរំលោភអធិបតេយ្យ និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាឡើយ។

ប្រជាពលរដ្ឋដែលមានផ្ទះនិងដីនៅចំណុចដែលទាហានថៃហ៊ុមព័ទ្ធដោយបន្លាលួសរំលោភយក អាជ្ញាធរនិងកងកម្លាំងត្រូវតែការពារ ទោះបីអាជ្ញាធរថៃព្រមានទុកពេល២ខែឱ្យរុះរើក្ដី នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
សូមរំលឹកថា កន្លងមក ទាហានថៃបានមកដាក់លួសបន្លាហ៊ុមព័ទ្ធផ្ទះសម្បែងប្រជាពលរដ្ឋចំនួន១២ខ្នង ស្មើនឹង១២គ្រួសារ ដែលមានមនុស្សរាយចំនួន៥៩នាក់ ក្នុងនោះ មានភូមិជោគជ័យចំនួន៦ខ្នង។ ឯនៅភូមិព្រៃចាន់ចំនួន៦ខ្នង ស្មើនឹង៦គ្រួសារ ។

សូមរំលឹកថា បើតាមកាសែតខាវស៊ុត ថៃ បានផ្សាយថា : ឧត្តមសេនីយ Nopadej Srirattananon  (ណូប៉ាដេញ ស្រ៊ីរ៉ាតានាណុន) បញ្ជាការយោធភូមិភាគទី១ បានព្រមានកាលពីថ្ងៃពុធ ពីផែនការដេញប្រជាជនកម្ពុជាចេញពីតំបន់អូរបីជាន់រួចហើយ ។

ពេលនេះទៀត រដ្ឋបាលខេត្តស្រះកែវប្រទេសថៃ បានកំណត់រយៈពេល២ខែ ឱ្យពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ រុះរើផ្ទះសម្បែងចេញ ។
បើមិនរុះរើទេ គេនឹងប្រើប្រាស់កម្លាំងយោធាបណ្តេញប្រជាពលរដ្ឋខ្មែរចេញ។
ឧត្តមសេនីយរូបនោះ ក៏បានប្រកាសថា : កាស៊ីណូនៅតាមព្រំដែនខាងកម្ពុជាឯណេះ ក៏នឹងត្រូវតែលែងធ្វើអាជីវកម្មផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *