សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ០៧គ្រួសារ នៅស្រុកស្ទោង

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០៧គ្រួសារ ក្នុងភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង។

​យោងតាមរបាយការណ៍ គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០៧ខ្នង ក្នុងនោះរលំទាំងស្រុងចំនួន ០១ខ្នង និងរបើកដំបូលចំនួន ០៦ខ្នង។

​ក្នុងឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាខេត្ត ដែលជានិច្ចកាល សម្ដេចនិងឯកឧត្តម តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

​លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ (ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់) និងត្រូវថែរក្សាសុខភាពតាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគេងក្នុងមុងជានិច្ច ដើម្បីការពារជំងឺគ្រុនឈាម និងជំងឺដទៃទៀត។
​អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះនីមួយៗ រួមមាន៖
​អង្ករ ២៥គីឡូក្រាម​មី ០១កេសត្រីខ ០១យួរ​ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវ ០១យួរ
​តង់ ០១ និងឃីត ០១កញ្ចប់​ថវិកាឧបត្ថម្ភមួយចំនួន។

Leave a Reply

Your email address will not be published. Required fields are marked *