អន្តរជាតិ ៖ អ្នកនយោបាយជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយថា អាជ្ញាធរក្រុងតេហេរ៉ង់ ត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសិទ្ធរបស់ខ្លួនលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលកំពុងរង្គោះរង្គើ។
លោក Ebrahim Azizi អតីតមេបញ្ជាការនៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់ឱ្យដឹងថា វាជាសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់យើង។ អ៊ីរ៉ង់នឹងសម្រេចចិត្តលើសិទ្ធិឆ្លងកាត់ រួមទាំងការអនុញ្ញាតវិធានការផ្សេងៗសម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ។
ទន្ទឹមនោះ លោកបានបន្ថែមថា អ៊ីរ៉ង់ ក៏ខិតជិតក្នុងការចែងច្បាប់ សម្រាប់ច្រកសមុទ្រពាណិជ្ជកម្មដ៏សំខាន់នេះផងដែរ។
យោងតាមលោកបន្តថា យើងកំពុងដាក់សេចក្តីព្រាងច្បាប់មួយទៅសភា ដោយផ្អែកលើមាត្រា ១១០ នៃរដ្ឋធម្មនុញ្ញ ដែលរួមមានបរិស្ថាន សុវត្ថិភាពសមុទ្រ និងសន្តិសុខជាតិ – ហើយកងកម្លាំងប្រដាប់អាវុធនឹងអនុវត្តច្បាប់។
គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ត្រូវបានបិទទាំងស្រុងបន្ទាប់ពីជម្លោះប្រដាប់អាវុធរវាងអាមេរិកលើអ៊ីរ៉ង់ ដែលនាំឱ្យទីផ្សារពិភពលោករង្គោះរង្គើ ជាពិសេសថាមពល និងប្រេងឥន្ធនៈ។
ទន្ទឹមនោះ អ៊ីរ៉ង់ វាយប្រហារនាវាចម្បាំងអាមេរិក សងសឹកបទបញ្ជា ត្រាំ ដែលឱ្យយោធារឹបអូសនាវាខ្លួននៅឈូងសមុទ្រអូម៉ង់។
តាមទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់ទីស្នាក់ការកណ្តាល Khatam al-Anbiya នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានធ្វើការវាយប្រហារដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងនាវាចម្បាំងអាមេរិក ជាការឆ្លើយតបទៅនឹងការរឹបអូសនាវាមួយគ្រឿងនៅសមុទ្រអូម៉ង់ដែលជាកម្មសិទ្ធិរបស់សាធារណរដ្ឋអ៊ីស្លាម។
យោងតាមអ្នកនាំពាក្យ បានលើកឡើងថា នាវាដែលយោធាអាមេរិករឹបអូសនោះធ្វើដំណើរពីប្រទេសចិនទៅកាន់ឈូងសមុទ្រអូម៉ង់ ហើយត្រូវបានរឹបអូសនៅទីនោះតែម្ដង។
កងកម្លាំងអាមេរិក បានបាញ់ប្រហារប្រឆាំងនឹងនាវានេះដោយរំលោភលើបទឈប់បាញ់។ ជាការឆ្លើយតប អ៊ីរ៉ង់ បានវាយប្រហារនាវាអាមេរិកដោយយន្តហោះគ្មានមនុស្សបើក។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា នាវាដឹកទំនិញបំពាក់ទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះ TOUSKA បានព្យាយាមឆ្លងកាត់តំបន់បិទខ្ទប់ផ្លូវទឹករបស់កងទ័ពជើងទឹកអាមេរិក ប៉ុន្តែត្រូវបានរារាំង។ នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកអាមេរិក USS SPRUANCE បានស្ទាក់ចាប់នាវា TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ ហើយឱ្យពួកគេបញ្ឈប់សកម្មភាពនេះ៕

