សមាជិកព្រឹទ្ធសភា៖សមិទ្ធផលនានាបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការផ្សារភ្ជាប់ រវាងពុទ្ធចក្រនិងអាណាចក្រប្រកបដោយភាពសុខដុមរមនា

 

(កំពង់ធំ) ៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថាសមិទ្ធផលនានាបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រប្រកបដោយភាពសុខដុមរមនា។

លោកជំទាវបានថ្លែងដូចនេះក្នុងពិធីកាត់ខ្សែបូរឆ្លងសមិទ្ធិផលនានាស្ថិតក្នុងវត្តបិយម្ពវ័ន ហៅវត្តថ្មី ស្ថិតនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ជំទាវបន្តថា ពិធីកាត់ខ្សែបូសម្ពោធឆ្លងសមិទ្ធផលនានា នាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿសាសនា និងការគោរពប្រណិប័តដ៏ជ្រាលជ្រៅ ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋយើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រប្រកបដោយភាពសុខដុមរមនា ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។

លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត សប្បុរសជននានា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងស្វែងរកមូលនិធិ បច្ច័យកសាងសមិទ្ធផលនេះឲ្យផុសត្រដែតឡើងគួរជាទីមោទនៈបំផុត។ ហើយនេះបានបង្ហាញឲ្យឃើញពីការរួមរួមសាមគ្គីភាពដ៏រលូនរបស់ប្រជាជនកម្ពុជា។

លោកជំទាវបន្តថា សមិទ្ធផលដែលកើតឡើងនៅទីនេះ ពិតណាស់គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នបាននឹងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍បន្ត ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបន្តថាប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវឧបសគ្គរាប់មិនអស់ ហើយអ្វីដែលយើងមិនអាចបំភ្លេចបាននោះរបបវាលពិឃាតបីឆ្នាំប្រាំបីខែនិងម្ភៃថ្ងៃដែលបានធ្វើឱ្យប្រទេសជាតិទាំងមូលស្ទើរតែរលាយបាត់ទៅហើយ។ តែដោយការតស៊ូរបស់ថ្នាក់ដឹកនាំសម្តេចតេជោ របស់គណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យមានអ្វីៗ មកដល់សព្វថ្ងៃនេះ ដែលបងប្អូនយើងទាំងអស់គ្នាត្រូវតែចងចាំ។ហើយយើងក៏មិនត្រូវភ្លេចនូវគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន និងវីរភាពអង់អាចក្លាហានរបស់លោកនិងដើម្បីចូលរួមថែរក្សាសុខសន្តិភាពឲ្យបានឋិតថេរ និងមើលឃើញការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិយើង។

លោកជំទាវបានលើកឡើងអំពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់ទៅលើលទ្ធភាពនៃការដោះស្រាយបញ្ហានេះតាមរយៈនៃការចរចា ជៀសជាងការដោះស្រាយតាមរយៈកម្លាំងប្រដាប់អាវុធ ជាពិសេស សូមបងប្អូនកុំឱ្យជឿលើព័ត៌មានមិនពិតមួយចំនួន ដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់ ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និងអសន្តិសុខ។

លោកជំទាវ បានបញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋ សូមមានការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយកម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។

សូមបញ្ជាក់ថាក្នុងពិធីកាត់ខ្សែបូរឆ្លងសមិទ្ធផលនេះលោកជំទាវបានប្រគេនបច្ច័យចំនួន៩លាន ៨០ ម៉ឺនរៀល តាជីយាយជី លោកយាយលោកតា ម្នាក់ចំនួន១ ម៉ឺនរៀល សារុង១  ព្រមទាំងផ្តល់ថវិកានិងសម្ភារសិក្សាមួយចំនួនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *