ដោយ : ភ្នំធំ / អ៊ីរ៉ង់៖ កប៉ាល់ដឹកទំនិញថៃមួយគ្រឿងកាលពីថ្ងៃទី១១មីនាឆ្នាំ២០២៦ បានឆេះនៅច្រកសមុទ្រហ័រម៉ូស( Hormuz ) នៅមជ្ឈឹមបូព៌ាបន្ទាប់ពីត្រូវបានវាយប្រហារដោយគ្រាប់ផ្លោងចេញពីឆ្នេរសមុទ្ររបស់ប្រទេសអ៊ីរ៉ង់ ដែលបង្ខំឱ្យនាវិកបោះបង់ចោលនាវា។
នេះបើយោងតាមរបាយការណ៍សន្តិសុខដែនសមុទ្រ និងចេញផ្សាយពីបណ្តាញព៌ត៌មាននានា។
សេចក្តីរាយការណ៍ បានអះអាងថា ក្នុងការវាយប្រហារនោះក៏មានកប៉ាល់កុងតឺន័ររបស់ជប៉ុនក៏ត្រូវបានបុកពេញមួយយប់ផងដែរ ដោយបន្ថែមការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាពដឹកជញ្ជូននៅក្នុងតំបន់។
គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមមក យ៉ាងហោចណាស់មាននាវាពាណិជ្ជកម្មចំនួន ១៤ ត្រូវបានគេរាយការណ៍ថាត្រូវ បានវាយប្រហារនៅឈូងសមុទ្រ ដោយបានរំខានយ៉ាងខ្លាំងដល់ចរាចរណ៍ផ្លូវសមុទ្រតាមរយៈផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក ។
ខណ:នេះ កងទ័ពជើងទឹកថៃ ទទូចសុំឱ្យអូម៉ង់ ជួយស្វែងរកនាវិក៣នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់វាយប្រហារកប៉ាល់
លោក Pairote Fuangchan មេបញ្ជាការកងទ័ពជើងទឹកថៃ នៅថ្ងៃទី១២ មីនា បានផ្ញើសារបន្ទាន់ទៅកាន់សមភាគីអូម៉ង់ ដើម្បីថ្លែងអំណរគុណដល់កម្លាំងសង្គ្រោះ និង ស្នើឱ្យជួយស្វែងរកនាវិកថៃចំនួន ៣ នាក់បន្ថែមទៀត ដែលកំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកទំនិញថៃរងការវាយប្រហារនៅក្បែរច្រកសមុទ្រ ហ័រមូស (Hormuz) ៕

