ព្រះមហាក្សត្រខ្មែរ ព្រះអង្គព្យាបាលដោយវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យរដ្ឋធានី ប៉េកាំង ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦មក

ដោយ : ប៉េកាំង -ចិន :ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃប្រទេសចិន បានក្រាបបង្គំទូលថ្វាយយោបល់ស្តីពីព្រះរោគរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺតម្រូវឱ្យទទួលការព្យាបាលដោយវះកាត់។

បន្ទាប់ពីទទួលបានការក្រាបបង្គំទូលថ្វាយពីសំណាក់ក្រុមវេជ្ជបណ្ឌិត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់តាមវេជ្ជបញ្ជា ចាប់ពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៦។

សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានប្រទានព្រះរាជសារដល់ជនរួមជាតិថា ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត ។

ក្រោយពីទទួលបានដំណឹងនេះ ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស និង ស្ថាប័នរដ្ឋគ្រប់បណ្តាក្រសួងនានា បានចេញសាររួមគ្នាថ្វាយព្រះពរព្រះមហាក្សត្រខ្មែរឆាប់ជាសះស្បើយពីព្រះរោគ។

ផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានសូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយពីព្រះរោគមហារីកក្រពេញប្រូស្តាត (prostate cancer) ដែលនឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេច ហ៊ុន សែន បានលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ ព្រះរាជមេត្តាអភិបាលថែរក្សា ព្រះករុណា ជាអម្ចាស់ជីវិត លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆាប់បានជាសះស្បើយពីព្រះរោគ ព្រមទាំងមានព្រះរាជសុខភាពល្អ បរិបូរ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់មាតុភូមិកម្ពុជា និង ប្រជានុរាស្ត្រខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ។

ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាម រាជ រដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំង ប្រជានុរាស្ត្រ ទូទាំង់ព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីព្រួយបារម្ភ ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីកក្រពេញប្រូស្តាត (Prostate Cancer) របស់ព្រះករុណា ព្រះមហាក្សត្រ។សម្តេច ហ៊ុន ម៉ាណែត មានជំនឿជឿជាក់យ៉ាងមុតមាំថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងឆាប់ជាសះស្បើយពីព្រះរោគ ជាក់ជាមិនខាន។

ក្រៅពីសារថ្វាយព្រះពរពីថ្នាក់ដឹកនាំកំពូលៗ គេឃើញមានសារថ្វាយព្រះពរពីស្ថាប័នរដ្ឋជាច្រើនដូចជា៖ រដ្ឋសភាកម្ពុជា ព្រឹទ្ធសភា ក្រសួងស្ថាប័នរដ្ឋ រាជធានី ខេត្តនានា ជាពិសេសមហាជនខ្មែរគ្រប់ជាន់ថ្នាក់ទាំងក្នុង និងក្រៅប្រទេស បានប្រើប្រាស់បណ្តាញសង្គមផ្លូវការរបស់ខ្លួន ចេញសារថ្វាយព្រះពរព្រះមហាក្សត្រខ្មែរឆាប់ជាសះស្បើយពីព្រះរោគ។

ជាពិសេស ក្រោយពេលទទួលដំណឹងផ្លូវការពីក្រសួងព្រះបរមរាជវាំងកាលពីថ្ងៃទី១០ខែមសា ថាព្រះមហាក្សត្រទ្រង់មានព្រះរោគមហារីកក្រពេញប្រូស្តាត (Prostate Cancer) របស់ព្រះករុណា ព្រះមហាក្សត្រ គេឃើញឯកអគ្គរាជទូត រដ្ឋទូតប្រទេសជាមិត្តនានាប្រចាំកម្ពុជាបានចេញលិខិត ភ្ជាប់នឹងរូបថត រូបឆាយាលក្ខណ៍សកម្មភាពជាមួយព្រះករុណា ហើយថ្វាយព្រះពរព្រះអង្គសូមឲ្យបានព្យាបាលនិងជាសះស្បើយឡើងវិញ ។

គួរបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី ១៨ មេសា បានចេញនូវសេចក្តីជូនដំណឹងពី ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត។ក្នុងសេចក្តីជូនដំណឹងនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង កំពុងស្ថិតក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ និង វាយតម្លៃយ៉ាងម៉ត់ចត់ជាទីបំផុត ពីក្រុមវេជ្ជបណ្ឌិតល្បីជំនាញៗប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្រុមវេជ្ជបណ្ឌិត បានក្រាបបង្គំទូលថ្វាយយោបល់ស្តីពីព្រះរោគតម្រូវឱ្យទទួលការព្យាបាលដោយវះកាត់៕

Leave a Reply

Your email address will not be published. Required fields are marked *