(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ប្រព័ន្ធប្រឡាយពង្វាងទឹក «អូរគោលង់» នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងតែកែលម្អកម្រិតជីវភាព និងបង្កើនចំណូលសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងភូមិទំពេច ឃុំទ្រា ឱ្យកាន់តែប្រសើរឡើង។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកអភិបាលស្រុក អមដំណើរដោយសហការី ចុះពិនិត្យវឌ្ឍនភាពនៃប្រព័ន្ធប្រឡាយពង្វាងទឹកអូរគោលង់ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ។
ក្នុងឱកាសចុះពិនិត្យនោះ លោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា ប្រព័ន្ធប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការនាំទឹកពីអូរគោលង់ កាត់តាមផ្ទៃដីកសិកម្មមកកាន់ភូមិទំពេច ដើម្បីផ្គត់ផ្គង់ការស្រោចស្រពស្រូវ និងដំណាំរួមផ្សំផ្សេងៗ។ ក្រៅពីបម្រើឱ្យវិស័យកសិកម្ម ប្រឡាយនេះក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់សត្វពាហនៈ និងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋបានមួយកម្រិតធំផងដែរ។
ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ៖
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង។
លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា។
លោកបានបញ្ជាក់ថា ការដឹកនាំផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ក្នុងការស្ថាបនាប្រព័ន្ធធារាសាស្ត្រនេះ គឺជាសក្ខីភាពនៃការគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់។
សូមបញ្ជាក់ផងដែរថា ប្រព័ន្ធប្រឡាយពង្វាងទឹកអូរគោលង់ គឺជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមាន ប្រវែងសរុប ៤,០០០ ម៉ែត្រ។ គម្រោងនេះរួមមានការស្ថាបនាផ្លូវក្រួសក្រហមអមសងខាងប្រឡាយ និងសំណង់សិល្បការ្យជាច្រើនកន្លែងទៀត ដែលមិនត្រឹមតែបម្រើឱ្យការនាំទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាផ្លូវដឹកជញ្ជូនកសិផលដ៏មានសារៈសំខាន់សម្រាប់ប្រជាកសិករក្នុងតំបន់ទៀតផង៕

