លោក ប៉ុល សារ៉េន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ខណៈចុះជួយជនរងគ្រោះនៅស្រុកស្ទោង

(កំពង់ធំ)៖ លោក ប៉ុល សារ៉េន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវកាលនេះ។

​ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលលោក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង រួមជាមួយក្រុមការងារ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ១៧គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ស្ថិតនៅក្នុងភូមិទំពេច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

​ក្នុងឱកាសនោះ លោក ប៉ុល សារ៉េន បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ដែលជានិច្ចកាល លោកតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមារភាព និងជីវភាពរស់នៅរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

​លោកបានបញ្ជាក់ថា ក្នុងនាមក្រុមការងារចុះមូលដ្ឋាន លោកនឹងនៅបន្តរួមរស់ រួមសុខរួមទុក្ខ និងដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែងដូចជាការចុះជួយសង្គ្រោះបន្ទាន់ដល់គ្រួសារដែលរងគ្រោះ រលំផ្ទះ និងរបើកដំបូលក្នុងថ្ងៃនេះជាសក្ខីភាពស្រាប់។

​ទន្ទឹមនឹងការចុះសួរសុខទុក្ខ លោកក៏បានដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋ ត្រៀមលក្ខណៈសម្បត្តិ និងឯកសារអត្តសញ្ញាណចាំបាច់នានា ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២៧ ខាងមុខឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវជ្រើសរើសថ្នាក់ដឹកនាំដែលតែងតែនៅក្បែរ និងជួយសង្គ្រោះពលរដ្ឋពិតប្រាកដ។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះទាំង ១៧ រួមមាន៖
ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ០១បេ និងថវិកា ៥ម៉ឺនរៀល។

ករណីពិសេស៖ ម្ចាស់ផ្ទះដែលដួលរលំទាំងស្រុង ទទួលបានថវិកាបន្ថែម ៤០ម៉ឺនរៀល និងស្ត្រីដែលមានជីវភាពខ្វះខាតខ្លាំង ទទួលបានថវិកាជំនួយ ១០ម៉ឺនរៀលផងដែរ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *