សិស្សដឹងគុណគ្រូគឺត្រូវការខិតខំរៀននិងមានសុជីវធម៌ ហើយក្លាយជាសិស្សល្អ ពលរដ្ឋល្អ

ដោយ :  ភ្នំធំ  / បន្ទាយមានជ័យ :នេះជាការលើកឡើងរបស់លោកនាយកវិទ្យាល័យហ៊ុន សែនខ្លាកូននិងសង្ឃដីការរបស់ព្រះគ្រូចៅអធិការវត្តភ្នំបាក់ខាងលើនាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យក្នុងឱកាសកម្មវិធីអប់រំឥរិយាបថ ចរិយាបថវិជ្ជមានដល់សិស្សានុសិស្សតាមបែបព្រះពុទ្ធសាសនានៅវិទ្យាល័យខាងលើកាលពិថ្ងៃទី១៣ខែកុម្ភ: ឆ្នាំ២០២៦ ។

លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែនខ្លាកូនមានប្រសាសន៍ថា: ៣-៤ឆ្នាំចុងក្រោយនេះ លទ្ធផលនៃការសិក្សារបស់សិស្ស ដោយឡែកសម្រាប់បាក់ឌុបនៅវិទ្យាល័យនេះគឺជាប់ពី៨៥ទៅ៩០ភាគរយនៃសិស្សបេក្ខជនជាង៣០០នាក់ ក្នុងនោះបាននិទ្ទេសA ចំនួន ៥ទៅ៦នាក់រាល់ឆ្នាំ។
ដោយចំពោះការគោរពវិន័យ  បទបញ្ជារផ្ទៃក្នុងសាលានិងសីលធម៌ សុវជីវធម៌ គឺទាំងសិស្សថ្នាក់ទី៧ដល់ទី១២ ទាំង១.០០០នាក់គឺបានប្រសើរឡើងគួរមោទន: ។
លោកថា : សិស្សានុសិស្សដែលដឹងគុណគ្រូ គឺត្រូវការខិតខំរៀននិងមានសីលធម៌ សុជីវធម៌ ហើយក្លាយជាសិស្សល្អ មិត្តល្អ កូនល្អនិងពលរដ្ឋល្អ មិនមែនត្រូវយកវត្ថុរបស់ឬលុយកាក់មកសូកគ្រូឡើយ។
ការដឹងគុណព្រហ្មវិហារធម៌របស់ឪពុកម្តាយ  អាណាព្យាបាលគឺកូនៗ ត្រូវដើរតាមគន្លងធម៌ ។

ព្រះតេជគុណស្ងួន ហ៊ុល ព្រះគ្រូចៅអធិការវត្តភ្នំបាក់លើមានសង្ឃដីកាថា: ទន្ទឹមនឹងខិតខំរៀនសូត្រគ្រប់មុខវិជ្ជាដើម្បីចេញចាំនិងប្រឡងជាប់ ប្អូនៗសិស្សានុសិស្ស  ក៏ត្រូវស្តាប់ឱវាទលោកគ្រូ អ្នកគ្រូ ឪពុកម្តាយនិងសេចក្តីណែនាំ ផ្សព្វផ្សាយរបស់អាជ្ញាធរនិងសមត្ថកិច្ចដើម្បីលទ្ធផលនៃការសិក្សា សីលធម៌រស់នៅល្អដើម្បីក្លាយជាទំពាំងស្នងឬស្សី។
ជាពិសេសពេលក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិកំពុងត្រូវការធនធានមនុស្សដើម្បិការពារនិងអភិវឌ្ឍន៍ជាតិ។

ក្នុងនោះតំណាងសិស្សកញ្ញាសុខ សុម៉ាវត្តី ថ្នាក់ទី១២D និងយុវជនរ៉ាំ ណារ៉ុង ថ្នាក់ទី១២B ចាប់អារម្មណ៍ក្នុងកម្មវិធីអប់រំឥរិយាបថ ចរិយាបថនេះ  ហើយអាចត្រងត្រាប់និងប្តេជ្ញាថា: នឹងបន្តបន្ថែមការខិតខំរៀនសូត្រឲ្យបានលទ្ធផលល្អ  ប្រឡងជាប់ និងអប់រំចិត្ត គោរពវិន័យ ប្រតិបត្តិតាមដំបូន្មានល្អប្រសើរដើម្បីបានក្លាយជាសិស្សល្អ មិត្តល្អ កូនល្អនិងពលរដ្ឋល្អ ។
សូមបញ្ជាក់ថា  កម្មវិធីអប់រំឥរិយាបទ ចរិយាបទនេះ ចំឱកាសនៃថ្ងៃនៃសេចក្តីស្រឡាញ់១៤ កុម្ភៈ: ដែលជាវប្បធម៌បរទេស ហើយកន្លងមក មានវ័យជំទង់និងយុវជនខ្មែរខ្លះបានជឿនិងដើរផ្លូវខុស៕

Leave a Reply

Your email address will not be published. Required fields are marked *