ដោយ : ភ្នំធំ / ភ្នំពេញ:លោកស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ជើងហោះហើររវាងកម្ពុជា-ថៃ នៅរក្សាប្រក្រតីភាពហោះហើរ បើទោះបីជាមានប្រទេសទាំងពីរ មានជម្លោះដ៏តានតឹង ស្រួចស្រាល់ជាមួយគ្នាក៏ដោយ ។
ក្នុងមួយសប្តាហ៍ មានជើងហោះហើរប្រមាណ ២៧០ជើង។
លោកថា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១០ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការហោះហើរ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ជាតិមានចំនួន ៣ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ៧ ដែលក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ថៃមានចំនួន៥ ។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ជើងហោះហើររវាងភ្នំពេញ-បាងកក មានចំនួន១៥២ ក្នុងមួយសប្តាហ៍(ទ្វេទិស) ដោយរាប់បញ្ជូលជើងហោះហើរដឹកជញ្ជូនទំនិញ ១០ ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស)។
ជាមួយគ្នានេះ លោកបានឱ្យដឹងដែរថា គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ – សៀមរាបអង្គរ – ព្រះសីហនុ) ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ជាមធ្យមចំនួន ១,៤៦៨ ជើងក្នុងមួយសប្តាហ៍ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ៩៩៤ ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស), អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ៣៩៦ ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស), អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ៧៤ ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស)។
ដោយឡែក អាកាសយានដ្ឋានតារាសាគរ ដែលទើបបើកដំណើរការទទួលបានជើងហោះហើរ ៤ ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុក។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិ ៤ និងអន្តរជាតិ ៣២ និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ១៧ ប្រទេស និង៤៦ ទីក្រុង។ ក្នុងចំណោម ១៧ ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់ ៨ ប្រទេសក្នុងតំបន់អាស៊ាន (លើកលែង ប្រទេស ព្រុយណេ និងទីម័រខាងកើត) រីឯប្រទេសក្រៅតំបន់អាស៊ានរួមមាន ប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម ជប៉ុន និងតួកគី៕

