ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រននើរ ជេអរ (ROMEO S BRAWNER JR ) អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីនបានអញ្ជើញចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅក្នុងភូមិសាស្រ្តច្រកបឹងត្រកួនស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នេះបើយោងឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិអោយដឹងថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២៦ ។
គឺនៅវេលាម៉ោង ១៤:០៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកនាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីដែលសម្របសម្រួលដោយក្រសួងការពារជាតិ រួមទាំងអបដំណើរដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅក្នុងភូមិសាស្រ្តច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ដោយមានការអមដំណើរពីសំណាក់ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
បើតតាមអ្នកនាំពាក្យក្រសួងការពារជាតិ : ” ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសហ្វីលីពីន ដែលនឹងត្រូវដឹកនាំកិច្ចការងារនេះបន្តក្នុងនាមប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី” ។
សូមបញ្ជាក់ថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត ៕

