ដោយ : ភ្នំធំ / បន្ទាយមានជ័យ :មន្ត្រីនគរបាលខេត្ត មន្ត្រី មន្ទីរ សារធារណ:ការ និង ដឹកជញ្ជូន ខេត្ត និង ក្រុម យុវជន កាកបាទក្រហម កម្ពុជា ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី១២ខែកុម្ភ: ឆ្នាំ២០២៦ បានសហការអប់រំ ផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅលើផ្លូវជាតិក្នុងភូមិសាស្ត្រខេត្ត នៅអំឡុងមុននិងឱកាសបុណ្យចូលឆ្នាំចិន យួន។
លោក គី មករា ប្រធាន ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃ ស្នង ការ ដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ឲ្យដឹងថា: ការយល់ដឹងនិងគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជា កត្តាចម្បង ។
គឺចង់អ្នកកំពុងធ្វើចរាចរណ៍តាមដងផ្លូវឲ្យយល់ដឹងនិងគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដែលជាកត្តាចម្បង ប៉ុន្តែការបើកបរដោយប្រុងប្រយ័ត្នអត់ធ្មត់ចេះអធ្យាស្រ័យគ្នាក៏ជាកត្តាដ៏សំខាន់ផងដែរ។
លោកបន្តថា: ចូរចងចាំឲ្យបានច្បាស់ថា ការប្រមាថ ក្នុង ការបើកបរ គឺជាការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯងក៏ដូចជាអាយុជីវិតរបស់អ្នកដទៃ។
លោក គី មករា បានឲ្យដឹងទៀតថា : គ្រោះថ្នាក់ចរាចរណ៍បាននិងកំពុងក្លាយទៅជាបញ្ហាដ៏ធំ ចំពោះសុខភាពសាធារណៈ ននិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
របាយការណ៍ស្រាវជ្រាវថា មូលហេតុចម្បងដែលនាំឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីកត្តាមនុស្ស កត្តាយានយន្ត កត្តាផ្លូវ និងកំណើនយានយន្តច្រើន ។
ហើយចំពោះគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺបណ្ដាលមកពីកត្តាមនុស្សបើកបរហួសល្បឿនកំណត់ បើកបរក្នុងស្ថានភាពបាត់បង់ម្ចាស់ការ និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬគ្រឿងញៀនជាដើម។
ក្នុងអំឡុងត្រួតពិនិត្យត្រឹម១ព្រឹកនោះ គេសង្កេតឃើញថាបងប្អូនជាអ្នកកំពុងបើកបរម៉ូតូជាង ៤០% ពុំបានពាក់មួកសុវត្ថិភាពនោះទេ ។
ឯអ្នកបើកបរយានយន្តវិញ ក៏មិនដាក់ខ្សែក្រវ៉ាត់ផងដែរ។
ចុងក្រោយ លោក គី មករា បានធ្វើការផ្តាំផ្ញើដល់អ្នកបើកបរត្រូវចេះអត់អោនឬអនុគ្រោះការខុសឆ្គងបន្តិចបន្តួច របស់អ្នកបើកបរដូចគ្នា ទោះបីការបើកបរស្ថិតនៅក្នុងសភាពត្រូវច្បាប់ក៏ដោយ ។
ការយោគយល់អធ្យាស្រ័យចំពោះអ្នកបើកបរដោយបំពានច្បាប់នោះដែរ ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាជាធ្លុងមួយ ទើបខ្មែរឈ្នះនិងខ្មែរខ្លាំង៕

