ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៦ មានពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៥ភូមិសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណ ឲ្យដឹងថា : ការបិទផ្សាយទិន្នន័យក្បាលដីនៅថ្ងៃនេះមានចំនួន៥ភូមិ សរុបចំនួន ៣ ២៦៣ ក្បាលដី រួមមាន ៖ ភូមិកោះពងសត្វ ភូមិតាសុខ ភូមិស្វាយដង្គត់ ភូមិព្រះអង្គ និងភូមិអង្គាបុស្ប សង្កាត់កោះពងសត្វក្នុងនោះរួមមាន ៖ ដីលំនៅឋាន មានចំនួន ១ ៧៦៩ ក្បាលដី ដឹកសិកម្ម មាន១ ៦០៥ក្បាលដី ដីទំនាស់មាន ០១ក្បាលដី ដីគ្មានទិន្នន័យមាន៦២ក្បាលដី ។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យបានឱ្យដឹងថា : ខេត្តបន្ទាយមានជ័យ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៧៤៤ ៣៧១ ក្បាលដីបានបញ្ចប់ការវាស់វែង១០០% ហើយបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុសរុបចំនួន៣២៧ ៦២១ ក្បាលដី។
ដោយឡែកក្រុងសិរីសោភ័ណបានបញ្ចប់ការវាស់វែងរួចមានក្បាលដី សរុបចំនួន៦០ ៧៦៣ ក្បាលដី កំពុងប្រមូលទិន្នន័យបានចំនួន ៥៩ ០៥៩ ក្បាលដី និងចេញប័ណ្ណបានចំនួន ៤០ ៥៧១ ក្បាលដី។
ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទាំង៥ភូមិខាងលេី លោកក៏បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន ពិសេសលោកមេភូមិ និងមេឃុំ មេត្តាជួយសម្រុះសម្រួល ភាគីម្ចាស់ក្បាលដីទំនាស់ទាំងអស់ត្រូវមានការយោគយល់គ្នា ធ្វើសម្បទានអោយគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ទំនាស់ ក្នុងរយៈពេលបិទផ្សាយនេះ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ ៕

