ឯកឧត្តម នួន ផារ័ត្ន អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិនកងរាជអាវុធហត្ថថ្មី ២២នាក់ ទៅវគ្គហ្វឹកហ្វឺននៅវិទ្យាស្ថានកំបូល

​(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី (ជាប់ស្ថាពរ) ចំនួន ២២នាក់ ដើម្បីបញ្ជូនទៅសិក្សាហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល រាជធានីភ្នំពេញ។ ពិធីនេះត្រូវបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។
​បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ដោយ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំរួចមក ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងស្មោះសរចំពោះយុវជនទាំង ២២នាក់ ដែលបានខិតខំប្រឹងប្រែងរហូតជាប់ជាស្ថាពរ ក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ (កងរាជអាវុធហត្ថ)។
​កងទ័ពជាកម្លាំងស្នូលនៃសន្តិសុខ និងការអភិវឌ្ឍ
​ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការធ្វើកំណែទម្រង់កងទ័ពគឺជាគោលដៅអាទិភាពក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
​កសាងកងកម្លាំងការពារជាតិឱ្យកាន់តែទំនើប មានសណ្តាប់ធ្នាប់ និងវិជ្ជាជីវៈខ្ពស់។
​ពង្រឹងសមត្ថភាពឆ្លើយតបគ្រប់ស្ថានការណ៍ ទាំងក្នុងបរិបទបច្ចេកវិទ្យា និងសន្តិសុខសកល។
​ត្រៀមលក្ខណៈជាកម្លាំងរឹងមាំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ។
​”កងទ័ពមិនត្រឹមតែការពារបូរណភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែគឺជាបង្អែកដ៏កក់ក្តៅ និងជាទីទុកចិត្តបំផុតរបស់ប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ”។ — ប្រសាសន៍ឯកឧត្តម នួន ផផារ័ត្
​ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់យោធិនថ្មីទាំងអស់ត្រូវ៖
​ ក្រេបជញ្ជក់ចំណេះដឹង និងជំនាញយោធាឱ្យបានច្បាស់លាស់។
​វិន័យខ្ពស់៖ គោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទឱ្យបានខ្ជាប់ខ្ជួន។
​ភក្តីភាព៖ បំពេញបេសកកម្មជូនជាតិ និងប្រជាជនឱ្យទទួលបានជោគជ័យ។
​ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗយោធិនថ្មី ឯកឧត្តម នួន ផារ័ត្ន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់យោធិនទាំង ២២នាក់ ដោយក្នុងម្នាក់ៗទទួលបានចំនួន ៤០ម៉ឺនរៀល ផងដែរ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *