(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូន លោកវរសេនីយ៍ឯក រឹម ធីរ៉ាន់ នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងសម្រាកព្យាបាលជំងឺ (ទឹកនោមផ្អែម) នៅគេហដ្ឋាន ស្ថិតក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកស្នងការខេត្ត ដោយបញ្ជាក់ថា ថ្នាក់ដឹកនាំជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចជូនអង្គភាព និងសង្គមជាតិ។
ជាមួយគ្នានេះ លោកស្នងការរង ក៏បានផ្ដល់នូវមតិលើកទឹកចិត្ត និងណែនាំមួយចំនួនរួមមាន៖
ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត និងបរិភោគអាហារដែលមានអនាម័យ។
ត្រូវប្រើប្រាស់ឱសថ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានទៀងទាត់។
ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងព្យាយាមហាត់ប្រាណតាមលទ្ធភាព ដើម្បីឱ្យកាយសម្បទាឆាប់បានរឹងមាំឡើងវិញ។
លោកឧត្តមសេនីយ៍ត្រី ក៏បានសង្កត់ធ្ងន់ទៅកាន់ក្រុមគ្រួសារអ្នកជំងឺថា សូមកុំមានការព្រួយបារម្ភចំពោះការងារក្នុងអង្គភាព ហើយប្រសិនបើមានបញ្ហាប្រឈម ឬការលំបាកណាមួយ សូមប្រញាប់ទំនាក់ទំនងមកថ្នាក់ដឹកនាំ ដើម្បីឱ្យអង្គភាពអាចអន្តរាគមន៍ និងដោះស្រាយជូនបានទាន់ពេលវេលា។
ដើម្បីជាការរួមចំណែកសម្រាលបន្ទុកគ្រួសារ លោកស្នងការរង ក៏បាននាំយកថវិកាឧបត្ថម្ភមួយចំនួន ប្រគល់ជូនលោកវរសេនីយ៍ឯក រឹម ធីរ៉ាន់ ផងដែរ។
ជាកិច្ចឆ្លើយតប លោកស្រី ស៊ន សុផល ត្រូវជាភរិយារបស់អ្នកជំងឺ បានសម្ដែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលតែងតែផ្តល់ក្ដីមេត្តា និងមិនបោះបង់មន្ត្រីក្រោមឱវាទ។ លោកស្រីក៏បានគោរពជូនពរដល់ថ្នាក់ដឹកនាំ និងសហការីទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ អ៊ួង សុផាត

