ជួយជម្រុញអោយពួកគេអាចមករៀនទៀងទាត់ ខិតខំរៀនសូត្រ : ផ្តល់អាហារូបករណ៍កង់ដល់សិស្សានុសិស្សក្នុងជីវភាពលំបាក

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កម្មវិធីចែកអាហារូបករណ៍កង់ចំនួន៨០គ្រឿងដល់សិស្សានុសិស្សក្នុងគ្រួសារជួបការលំបាកជីវភាពមកពីសាលារៀនចំនួន៩ ក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនិងបង្កើតសមាគមកង់ដែលឧបត្ថម្ភពីសប្បុរសជនជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នឹងហុចផលអោយសិស្សានុសិស្សខិតខំរៀនសូត្រដើម្បីអនាគតល្អ ។

ក្នុងពិធីចែកកង់នៅវិទ្យាល័យ ហ៊ុន សែនខ្លាកូន ក្រុងសិរីសោភ័ណនាថ្ងៃទី២៤ខែមករា ឆ្នាំ២០២៦ លោកចេង ចាន់ឌី ប្រធានអង្គការមូលនិធីអភិវឌ្ឍន៍វិស័យអប់រំកម្ពុជាមានប្រសាសន៍ថា: ដោយប្រើជំនួយសប្បុរសជនជប៉ុន ពិសេសលោកកាត់ហ្សុយ៉ា យ៉ាហ្ស៊ុដា ស្ថាបនិកគម្រោងអាហារូបករណ៍កង់ អង្គការលោកបានបន្តផ្តល់អាហារូបករណ៍កង់ដល់ផ្តល់អាហារូបករណ៍កង់ដល់សិស្សអនុវិទ្យាល័យដើម្បីជាមធ្យោបាយធ្វើដំណើរ , ផ្តល់សៀវភៅអានពង្រឹងគុណភាពអប់រំតាមរយ: អំណាន , ធ្វើបង្គន់អនាម័យស្តង់ដារជួយផ្នែកបរិស្ថាន អនាម័យ , ជួយសង់អន្តេវវាសឹកដ្ឋានសិស្សនារីជាដើម ដើម្បីជម្រុញសិស្សអោយខំរៀនឆ្លងទៅវិទ្យាល័យ ហើយរៀនអោយក្លាយជាសិស្សពូកែ និងមានអនាគតប្រសើរឡើង ។

លោកម៉ែន សោភ័ណ អភិបាលរងក្រុងសិរីសោភ័ណមានប្រសាសន៍ថា : ក្នុងបរិបទបរទេសឈ្លានពានកម្ពុជានេះ និងក្រោយពេលទទួលបានកង់ជិះ សង្ឃឹមថាក្មួយៗនឹងខិតខំរៀនបន្ថែមក្លាយជាធនធានមនុស្សល្អ គេមិនមើលងាយ ហើយអនាគតនឹងជួយការពារគ្រួសារ សហគមន៍និងប្រទេស ជាតិមាតុភូមិ ។

ចំណែកលោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ក្រសួងអប់រំខិតខំជម្រុញនិងលើកកម្ពស់គុណភាពអប់រំ និងធនធានមនុស្ស។ចំពោះមធ្យោបាយធ្វើដំណើរ វាសំខាន់ ប៉ុន្តែក្មួយៗសិស្សានុសិស្សកុំគិតថា ទាល់តែមានម៉ូតូល្អជិះ មានខោអាវថ្លៃស្លៀកពាក់ មានលុយពេញៗហៅប៉ៅទើបបានរៀនពូកែនោះ?

ក្នុងនាមតំណាងសិស្សទទួលបានអាហារូបករណ៏កង់យុវតីសិស្សឈ្មោះជា ដាលីននិងយុវជនសិស្សម្នាក់ទៀតឈ្មោះស៊ង សុខឆេង រៀនថ្នាក់ទី១០ វិទ្យាល័យហ៊ុនសែនខ្លាកូនបានថ្លែងអំណរគុណសប្បុរសជនជប៉ុននិងប្តេជ្ញាចិត្តថានឹងប្រែក្លាយឱកាសទទួលបានមធ្យោបាយធ្វើដំណើរនេះ ឲ្យទៅជាឱកាសខិតខំរៀនសូត្រអោយមានសមត្ថភាពដើម្បីជួយខ្លួនឯង ជួយគ្រួសារ សហគមន៍និងប្រទេសជាតិបាន ។

ចំណែកអាណាព្យាបាលសិស្សនិយាយថា: ពេលដែលពួកគេគ្មានលទ្ធភាព សូម្បីតែមធ្យោបាយដំណើរបែបនេះ ក៏មិនអាចផ្តល់អោយកូនចៅបានដែរ ។ ប៉ុន្តែទទួលកង់នេះ នឹងតាមដាន ជម្រុញអោយកូនចៅរៀនបានពូកែ រៀនបានចប់តាមបំណង៕

Leave a Reply

Your email address will not be published. Required fields are marked *