(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់អាជ្ញាធរឃុំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវរួមគ្នាថែរក្សាសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ការលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំសហការី និងមន្ត្រីបច្ចេកទេសរដ្ឋបាលខេត្តកំពង់ធំ ចុះពិនិត្យវាយតម្លៃបញ្ចប់គម្រោងមូលនិធិឃុំរុងរឿង ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
ក្នុងដំណើរចុះពិនិត្យនោះ លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរឃុំរុងរឿង និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងថ្មីនេះ ត្រូវសហការគ្នា៖
បើកចំណីផ្លូវឱ្យបានធំទូលាយ៖ ដើម្បីបង្កើនសោភ័ណភាព សុវត្ថិភាព និងធានាគុណភាពផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង។
យុទ្ធនាការដាំដើមឈើ៖ លោកបានលើកទឹកចិត្តឱ្យពលរដ្ឋដាំដើមឈើតាមគេហដ្ឋានរៀងៗខ្លួន ហើយលោកក៏មានគម្រោងដឹកនាំដាំកូនឈើអមសងខាងផ្លូវនេះបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានកោតសរសើរដល់ក្រុមហ៊ុនសាងសង់ ដែលបានអនុវត្តគម្រោងស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា។ ទោះជាយ៉ាងណា លោកក៏បានផ្ដាំផ្ញើឱ្យក្រុមហ៊ុនបំពេញបន្ថែមនូវចំណុចខ្វះខាតបន្តិចបន្តួចមួយចំនួនទៀត ដើម្បីឱ្យសំណង់នេះកាន់តែមានភាពសុក្រឹត និងរឹងមាំ។
ផ្លូវបេតុងដែលត្រូវបានចុះពិនិត្យ និងវាយតម្លៃនេះ មានប្រវែងជិត ១.០០០ ម៉ែត្រ (ជិត ១គីឡូម៉ែត្រ) ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ។ គម្រោងនេះស្ថិតក្នុងភូមិបទុមលិច ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាសមិទ្ធផលបានមកពីកញ្ចប់ថវិកាមូលនិធិឃុំ ឆ្នាំ២០២៥។ដោយ អ៊ួង សុផាត

