ខេត្តកំពង់ធំ៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ និងជាតំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានដឹកនាំក្រុមគ្រួសារអតីតយុទ្ធជន និងយុទ្ធមិត្តដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកពលបាលឯក សាត សំ អាយុ ៥៥ ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ។
ក្នុងពិធីដ៏ក្រៀមក្រំនេះ លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ តំណាងលេខាធិការដ្ឋានសមាគម បានអានសារលិខិតចូលរួមរំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ សារលិខិតបានរំលឹកពីប្រវត្តិស្នាដៃដ៏ឧត្តុង្គឧត្តមរបស់លោកពលបាលឯក សាត សំ ដែលបានចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៨៨ និងបានលះបង់សាច់ស្រស់ឈាមស្រស់រហូតពិការក្នុងសមរភូមិនៅឆ្នាំ១៩៩០។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា៖
”យើងខ្ញុំសូមសម្ដែងនូវការសោកស្ដាយ និងអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់យុទ្ធមិត្តដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ សូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។”
លោកមេបញ្ជាការបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានបងប្អូនអតីតយុទ្ធជនចំនួន ២០៦ គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ។ ក្នុងរយៈពេលជិត ៥ ឆ្នាំមកនេះ ដោយសារបញ្ហាសុខភាព និងរបួសចាស់រើឡើងវិញ មានអតីតយុទ្ធជនចំនួន ២០ នាក់ហើយដែលបានទទួលមរណភាព។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០ រៀល រួមជាមួយអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពសម្រាប់ចាត់ចែងក្នុងពិធីបុណ្យតាមប្រពៃណី។ដោយ អ៊ួង សុផាត

