ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយសម្តេចធិបតី ជូនគ្រួសារសពអតីតយុទ្ធជននៅស្រុកសន្ទុក

​ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសព លោកព្រិន្ទបាលឯក អូន ខ្មៅ ដែលបានទទួលមរណភាព កាលពីពេលថ្មីៗកន្លងទៅនេះ នៅលើដីសម្បទានសង្គមកិច្ច ឃុំក្រយា ស្រុកសន្ទុក។
​នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ តំណាងក្រុមលេខាធិការដ្ឋានសមាគម បានអានសារលិខិតរំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយបានរំលឹកពីគុណបំណាច់ និងប្រវត្តិការងារដ៏ឆ្នើមរបស់លោកព្រិន្ទបាលឯក អូន ខ្មៅ ដែលបានចូលបម្រើកងទ័ពតាំងពីឆ្នាំ១៩៨៩ និងបានចូលនិវត្តន៍នៅឆ្នាំ២០១០។
​ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់យុទ្ធមិត្តដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។
​បច្ចុប្បន្នមានគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា។
​ក្នុងរយៈពេលជិត ៥ឆ្នាំនេះ មានបងប្អូនអតីតយុទ្ធជនចំនួន ២១នាក់ ហើយដែលបានទទួលមរណភាពដោយសារជំងឺប្រចាំកាយ និងរបួសចាស់រើឡើងវិញ។
​ជាការឆ្លើយតបនឹងការលំបាករបស់គ្រួសារសព ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវ៖
១. ថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល។
២. អំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ និងចាត់ចែងក្នុងពិធីបុណ្យសពតាមប្រពៃណី។
​ជាទីបញ្ចប់ លោកប្រធានសមាគម ក៏បានបួងសួងដល់វិញ្ញាណក្ខន្ធសព សូមឱ្យបានទៅកាន់សុគតិភព និងផ្ដាំផ្ញើការសាកសួរសុខទុក្ខដល់ក្រុមគ្រួសារដែលនៅរស់រានមានជីវិត ឱ្យបន្តការខិតខំកសាងជីវភាពនៅលើដីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តទៀត៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *