តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអាជ្ញាធរខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងស្រុកសាមគ្គីមានជ័យ

​(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំសហការី រួមដំណើរដោយ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូន លោកស្រី តុង ដារី ភរិយារបស់សព លោកឧត្តមសេនីយ៍ត្រី សួន សំអឿន វីរកងទ័ពដែលបានពលីនៅសមរភូមិមុខ (ទិសតាថាវ ខេត្តព្រះវិហារ)។
​បច្ចុប្បន្ន លោកស្រី តុង ដារី និងកូនតូចៗចំនួន ៣នាក់ កំពុងរស់នៅក្នុងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
​ក្នុងឱកាសនោះ លោកមេបញ្ជាការ និងលោកអភិបាលរងខេត្ត បានពាំនាំនូវការសួរសុខទុក្ខ និងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីជួយសម្រាលបន្ទុកជីវភាពគ្រួសារ រួមមាន៖
​អង្ករ ៥០ គីឡូក្រាម
​ស័ង្កសី ៥០ សន្លឹក
​មី ១ កេះ, ត្រីខ ១ យួរ
​ទឹកត្រី ១ យួរ, ទឹកស៊ីអ៉ីវ ១ យួរ
​ទឹកសុទ្ធ ៥ យួរ, អំបុក ៥ គីឡូក្រាម
​ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនទៀត។
​មានប្រសាសន៍នាឱកាសនោះ លោកស្រី តុង ដារី បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធ ដែលតែងតែយកចិត្តទុកដាក់ និងមិនបោះបង់គ្រួសារអតីតយុទ្ធជនចោលឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *