លោក សាយ គឹមឡម ចុះចែកអំណោយ និងថវិការបស់ថ្នាក់ដឹកនាំ ជូនគ្រួសារអតីតយុទ្ធជន និងពលរដ្ឋខ្វះខាតក្នុងស្រុកស្ទោង


​(កំពង់ធំ)៖ នាដងរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានពាំនាំថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងអំណោយរបស់ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដើម្បីចុះសួរសុខទុក្ខ និងរំលែកទុក្ខដល់គ្រួសារសពអតីតយុទ្ធជន និងវីរកងទ័ពជួរមុខនៅតាមទីតាំងផ្សេងៗគ្នា។
​ក្នុងឱកាសនោះ លោកអភិបាលស្រុក បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម ថោ ជេដ្ឋា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារអតីតយុទ្ធជន និងវីរកងទ័ពជួរមុខ។ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំតែងតែគិតគូរ និងដឹងគុណជានិច្ចចំពោះវីរភាពកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងរក្សាសុខសន្តិភាពជូនមាតុភូមិ។
​ទន្ទឹមនឹងនោះដែរ លោក សាយ គឹមឡម ក៏បានថ្លែងការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្ទោង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងវីរកងទ័ពដែលកំពុងសម្រាកព្យាបាលបានយ៉ាងល្អប្រសើរ។

​គ្រួសារសពអតីតយុទ្ធជន ២គ្រួសារ៖ គ្រួសារសពលោក អ៉ីម សុខម៉េង (ឃុំកំពង់ចិនត្បូង) និងគ្រួសារសពលោក ប៉ែន សំអ៊ត (ឃុំសំព្រោជ) ដោយក្នុងមួយគ្រួសារទទួលបានថវិកាឧបត្ថម្ភ ៤លានរៀល។
​វីរកងទ័ពសម្រាកព្យាបាល៖ ចំនួន ១រូប នៅមន្ទីរពេទ្យបង្អែកស្ទោង ទទួលបានថវិកាលើកទឹកចិត្ត ២០ម៉ឺនរៀល។
​នៅភូមិពពាយ ឃុំទ្រា៖ ពលរដ្ឋម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល ពីឯកឧត្តម ថោ ជេដ្ឋា និងថវិកា ២០ម៉ឺនរៀល បន្ថែមពីរដ្ឋបាលឃុំពពាយ ព្រមទាំងគ្រឿងឧបភោគបរិភោគ។
​ លោកអភិបាលស្រុកក៏បានចែកជូនសម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនធំ ដល់លោកតា លោកយាយ និងកុមារៗនៅក្នុងឃុំផងដែរ។
​សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋាន ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋនៅតាមទីជនបទ៕ដោយអ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *