[កំពង់ឆ្នាំង]៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ី វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្នុងបេសកកម្មចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សាលាបឋមសិក្សាអន្លង់អក។
សមិទ្ធផលថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ
អគារសិក្សាថ្មីនៃសាលាបឋមសិក្សាអន្លង់អក ដែលស្ថិតក្នុងភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សិស្សានុសិស្សក្នុងមូលដ្ឋាន។
ក្នុងពិធីចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពី៖
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត
ឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានខេត្ត និងស្រុកជលគិរី
គណៈអភិបាលស្រុកជលគិរី និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ការគិតគូរពីសុខទុក្ខ និងការអប់រំរបស់ប្រជាពលរដ្ឋ
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះសមិទ្ធផលថ្មីនេះ ដែលនឹងក្លាយជាថ្នាលបណ្តុះបណ្តាលចំណេះដឹងយ៉ាងសំខាន់ និងបង្កលក្ខណៈងាយស្រួលដល់មាតាបិតាក្នុងការបញ្ជូនកូនចៅមកសិក្សារៀនសូត្រ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងការគិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាថែរក្សាអគារសិក្សា ថ្នាក់រៀន និងបរិស្ថានក្នុងសាលាឱ្យបានស្អាតជានិច្ច ដើម្បីធានាបាននូវសោភ័ណភាព អនាម័យ និងសុខភាពល្អ សម្រាប់ជាប្រយោជន៍ដល់ការសិក្សារបស់កូនចៅជំនាន់ក្រោយៗទៀត៕ដោយ អ៊ួង សុផាត

