​ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ចុះពិនិត្យសកម្មភាពដាំបន្លែសុវត្ថិភាពនៅវត្ត និងសាលារៀន ក្នុងឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច

ដោយ អ៊ួង សុផាត÷}​(ខេត្តកំពង់ឆ្នាំង)៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម អ៊ិត បូព៌ារដ្ឋាដេត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក វន ស៊ីផា អភិបាលស្រុក រួមជាមួយអាជ្ញាធរឃុំ និងថ្នាក់ដឹកនាំសាលារៀន បានអញ្ជើញចុះពិនិត្យការដាំដុះបន្លែរបស់ព្រះសង្ឃ និងសិស្សានុសិស្ស នៅវត្តអង្គសិរី និងសាលាបឋមសិក្សាអង្គសិរី ស្ថិតក្នុងឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច។
​ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមបង្កើតសួនដំណាំក្នុងទីវត្តអារាម និងសាលារៀន ដែលជាគំរូដ៏ល្អសម្រាប់បង្រៀនសិស្សានុសិស្ស និងបំផុសស្មារតីប្រជាពលរដ្ឋឱ្យចេះដាំដុះបន្លែតាមគេហដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ថា ការដាំបន្លែដោយខ្លួនឯងមិនត្រឹមតែផ្ដល់នូវអាហារូបត្ថម្ភ បន្លែបៃតងគ្មានជាតិគីមីសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយក្នុងគ្រួសារបានមួយកម្រិតធំទៀតផង។
​ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់មន្ត្រីកសិកម្មឃុំ ត្រូវសហការរៀបចំផែនការដាំដុះឱ្យបានទូលំទូលាយនៅតាមទីសក្ការៈ និងគ្រឹះស្ថានសិក្សាដទៃទៀត ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអនាម័យ និងបរិស្ថានជុំវិញឱ្យបានល្អប្រសើរ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *