(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរបស់គ្រួសារវីរកងទ័ព និងជនភៀសសឹក គឺជាកាតព្វកិច្ចដ៏សំខាន់របស់ “កម្លាំងសមរភូមិក្រោយ” ដើម្បីជាការលើកទឹកចិត្តដល់យុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលស្រុក និងសហការី បាននាំយកអំណោយមនុស្សធម៌របស់លោក ជឿន ប៊ុនចក់ (Admin ជីងចក់) និងក្រុមការងារ ចែកជូនដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកចំនួន ៥០គ្រួសារ ក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
ក្នុងពិធីនោះ លោក សាយ គឹមឡម បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះលោក ជឿន ប៊ុនចក់ និងក្រុមការងារ ដែលតែងតែបង្ហាញទឹកចិត្តសប្បុរសធម៌ ជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងបរិក្ខារប្រើប្រាស់ផ្សេងៗដល់រដ្ឋបាលស្រុក ដើម្បីបន្តចែកជូនដល់គ្រួសារកងទ័ព និងអ្នកដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន។
បន្ថែមពីនេះ លោកអភិបាលស្រុកបានដាក់បទបញ្ជាដល់អាជ្ញាធរភូមិ-ឃុំ ត្រូវតាមដានជាប់ជាប្រចាំចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងទ័ព និងជនភៀសសឹក ដោយ**“ដាច់ខាតមិនត្រូវឱ្យមានពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារ ដោយអាជ្ញាធរមិនដឹងឡើយ”**។ លោកក៏បានផ្ដាំផ្ញើឱ្យបងប្អូនទាំងអស់ រក្សាសុខភាព អនាម័យក្នុងការរស់នៅ និងប្រញាប់ទៅមណ្ឌលសុខភាពដែលជិតបំផុតក្នុងករណីមានជំងឺដង្កាត់ផ្សេងៗ។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ទាំង ៥០គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖
អង្ករ ២០ គីឡូក្រាម
មី ១ កេស
ទឹកត្រី ១ យួរ
ទឹកស៊ីអ៊ីវ ១ យួរ
ត្រីខ និងនំ ១ ប្រអប់។ដោយ អ៊ួង សុផាត

