(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំពិភាក្សាលើប្រធានបទ «ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ»។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ព្រឹម រដ្ឋា, ឯកឧត្តម ងួន រាសី, ឯកឧត្តម ជា វ៉ាន់ចាន, ឯកឧត្តម ហ៊ីម លីម៉េង និងឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងតំណាងសភាពាណិជ្ជកម្មកំពង់ធំ-ព្រះវិហារ ដើម្បីត្រៀមលក្ខណៈសម្រាប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម ព្រឹម រដ្ឋា បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានគឺជាសសរស្តម្ភដ៏សំខាន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសង្គមឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងសមធម៌។ ឯកឧត្តមបន្ថែមថា ការពង្រឹងសេដ្ឋកិច្ចពីថ្នាក់ក្រោមជាតិ នឹងជួយបង្កើតការងារនៅនឹងកន្លែង កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
វិស័យអាទិភាពចំនួន ៧ សម្រាប់ពិភាក្សា
ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ឯកឧត្តមអភិបាលរងខេត្ត បានដាក់ចេញនូវវិស័យសំខាន់ៗចំនួន ៧ ដើម្បីឱ្យអង្គប្រជុំពិភាក្សា រកបញ្ហាប្រឈម និងដំណោះស្រាយ រួមមាន៖
វិស័យកសិកម្ម និងឧស្សាហកម្ម៖ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម។
សហគ្រាសធុនតូច និងមធ្យម (SMEs)៖ ការជំរុញការកែច្នៃក្នុងស្រុក។
ទេសចរណ៍ និងសេវាកម្ម៖ ការទាញយកសក្តានុពលតំបន់ប្រវត្តិសាស្ត្រ និងធម្មជាតិ។
ហេដ្ឋរចនាសម្ព័ន្ធ៖ ការកែលម្អបរិយាកាសវិនិយោគក្នុងខេត្ត។
ការបណ្តុះបណ្តាលជំនាញដល់យុវជន។
ការចូលរួមពីសហគមន៍ និងការផ្តល់សេវាសាធារណៈ។
តំបន់សេដ្ឋកិច្ច៖ គម្រោងបង្កើតតំបន់កសិឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។
ជាទីបញ្ចប់ ឯកឧត្តមបានជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរ-អង្គភាពទាំងអស់ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាប្រឈមនានា ដើម្បីដាក់បញ្ចូលទៅក្នុងទិសដៅការងារឆ្នាំ២០២៦ សំដៅឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ដោយ អ៊ួង សុផាត

