មន្ត្រីអាជ្ញាធរនិងជំនាញចុះដោះស្រាយទំនាស់របស់សេវាករឯកជនចែកវេនបញ្ជូនទឹកស្រោចស្រពស្រូវប្រាំងនៅឃុំប្រាសាទ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :មន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញធនធានទឹកនិងឧតុនិយម មេឃុំ មេភូមិទាំង១៤ភូមិ អ្នកពាក់ព័ន្ធ រួមទាំងសេវាករឯកជនកាលពីថ្ងៃទី១៩ខែខែមករាឆ្នាំ២០២៥ អោយដឹងថា ខ្លួនបានចុះប្រជុំសម្របសម្រួល ដោះស្រាយនិងពិនិត្យចំណុចជាក់ស្តែងនូវការបែងចែកវេននាំទឹកបញ្ជូនស្រោចស្រពដំណាំស្រូវប្រាំងជូនកសិករនៅឃុំប្រាសាទស្រុកព្រះនេត្រព្រះ។

លោកឡាយ សុធី ប្រធានស្តីទីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ លោកហឿន វីរ: អភិបាលស្រុកព្រះនេត្រព្រះ និងមន្ត្រី អ្នកពាក់ព័ន្ធបានជួបប្រជុំនៅសាលាឃុំប្រាសាទជាមួយមេភូមិទាំង១៤ភូមិ ដែលជាតំណាងបងប្អូនកសិករសហគមន៍បង្កបង្កើនផលស្រូវវស្សានិងស្រូវក្នុងឃុំ រួចបានចុះទៅទីតាំងប្រឡាយកុមារ ប្រឡាយនាំទឹក អូរទន្លាប់ និងអាង៧៨នៅប៉ែកខាងលិចនិងខាងត្បូងឃុំប្រាសាទស្រុកព្រះនេត្រព្រះ។

លោកហឿន វីរ: អភិបាលស្រុកបានសម្របសម្រួល ដោះស្រាយអោយភាគីទាំងពីរទទួលខុសត្រូវបើកទឹកនិងបូមទឹកបញ្ជូនអោយកសិករដើម្បីស្រោចស្រពស្រូវអោយទាន់ពេលនិងគ្រប់គ្រាន់លើផ្ទៃដីយ៉ាងច្រើនក្នុងចំណោមផ្ទៃដីស្រូវប្រាំងជាង៤.០០០ហិចតានៅក្នុងភូមិសាស្ត្រឃុំប្រាសាទ។

ឯលោកឡាយ សុធី ប្រធានស្តីទីមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យអោយដឹងថា : ជាមួយគ្នានេះ ជំនាញនិងអាជ្ញាធរក៏បាននឹងកំពុងសិក្សាលើការជីកប្រឡាយនាំទឹកថ្មីមួយខ្សែប្រវែងប្រមាណ៤ ០០០ម ដែលមាត់លើ៨ម៉ែត្រ ជម្រៅ១, ៥ម ដើម្បីនាំទឹកពីប្រឡាយកុមារជាប្រឡាយមេទៅកាន់វាលស្រែព្រំប្រទល់តំបន់១និងតំបន់២ ម្តុំអាង៧៨ និងអាងដង្កៀមក្តាមដើម្បីស្រោចស្រពផ្ទៃស្រូវប្រាំងប្រមាណ៥ទៅ៧០០ហិចតា។

ក្នុងនោះ ភាគីសេវាករចាស់គឺលោកឈាន ប៊ុនឈឹកនិងសេវាករថ្មី លោកនៀម ណេត ក៏បានយល់ព្រម។
សូមបញ្ជាក់ថា សេវាករនេះ ជាដៃគូផ្នែកឯកជនដែលទទួលសិទ្ធិពីក្រសួងធនធានទឹកនិងឧតុនិយម និងអាជ្ញាធរក្នុងការផ្តល់សេវានាំទឹកដែលបើកបង្ហូរពីប្រឡាយមេនិងដែលប្រើម៉ាស៊ីនបូមពីស្ទឹងក្រឡាញ់ ក៏ដូចជាពីប្រឡាយមេ ដើម្បីបញ្ជូនទៅអោយកសិករស្រោចស្រពដំណាំស្រូវប្រាំង ។

លោកនឿម ណេត ភាគីសេវាករថ្មីបានប្រាប់ថា: ភាគីខ្លួនទើបវិនិយោគលើផ្នែកនេះ ហើយទទួលបានការអនុញ្ញាតិពីជំនាញធនធានទឹកនិងអាជ្ញាធរ ក៏ដូចការសាទរពីកសិករ។
ក្នុងនោះ លោកនឹងទទួលបន្ទុកជីកប្រឡាយថ្មី១ខ្សែប្រវែង៤ ០០០ម៉ែត្រផងដែរ នៅម្តុំព្រំប្រទល់តំបន់១និងតំបន់២នៃបឹងទនកលេសាប.។

ចំណែកលោកលាន ប៊ុនឈឹក សេវាករចាស់បានប្រាប់ថា : ដោយបានការអនុញ្ញាតិច្បាប់ពីក្រសួងធនធានទឹកនិងអាជ្ញាធរ លោកបានផ្តួចផ្តើមវិនិយោគអស់ទុនយ៉ាងច្រើនលើសេវានាំទឹកនេះនិងជំរុញឲ្យកសិករធ្វើស្រែប្រាំងនេះដំបូងតាំងពីឆ្នាំ២០១៩ ។
កសិករសហគមន៍ធ្វើស្រែវស្សានិងស្រែប្រាំង ទទួលបានទឹកស្រោចស្រពស្រូវ ហើយផលរបស់វាធ្វើអោយជីវភាពពួកគេប្រសើរឡើងជាលំដាប់។

ចំណែកលោកមាស ប៊ុនហ៊ឹក មេឃុំប្រាសាទបានអោយដឹងថា: ទំនាស់ខ្លះៗរវាងសេវាករលោកលាន ប៊ុនឈឹកនិងសេវាករ លោកនៀម ណេត មកពីការយល់ច្រឡំលើគ្នា មិនយល់គ្នា ។
ប៉ុន្តែឥឡូវនេះ ពួកគេបានយល់ពីគ្នា ឯកភាពគ្នាចែកវេនម្តង១សប្តាហ៍ម្នាក់ក្នុងការនាំទឹក។

សូមបញ្ជាក់ថា ឃុំប្រាសាទមានប្រជាជនតិចជាងគេក្នុងស្រុកព្រះនេត្រព្រះ ប៉ុន្តែជាឃុំជង្រុកស្រូវធំមួយឬជាឃុំដែលដែលមានកសិកម្មលំដាប់ថ្នាក់ទី១ ប្រៀបធៀបនឹងចំណោមឃុំទាំង៩នៃស្រុក ដោយពលរដ្ឋ៧៥,៧% ឬចំនួន៥. ៣២៤នាក់ ។
ដើមឡើយ ឃុំមានកសិកម្មយថាផល ហើយឥឡូវកែប្រែមកជាកសិកម្មបែបប្រពលវប្បកម្មនិងជឿនលឿន ៕

Leave a Reply

Your email address will not be published. Required fields are marked *