ដោយ : ភ្នំធំ / ព្រះវិហារ :ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាត ប្រាង្គប្រាសាទព្រះវិហារ ចំនួន១៤២កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។
នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
គិតពីការបង្កមហន្តរាយដោយចេតនានិងហឹង្សារតាមរយ: រយ: ទម្លាក់គ្រាប់បែកពីលើអាកាសដោយដ្រូន និងយន្តហោះចម្បាំងរបស់យោធាឈ្លានពានថៃក្នុងសង្គ្រាម២លើក កាលពីថ្ងៃទី២៤-២៨ ខែកក្កដា និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ ។
សហគមន៍ជុំវិញប្រាសាទ រងការខូចខាតចំនួន៦០កន្លែង រួមមានផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជនចំនួន១៤.៨៣២នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។
ការខូចខាតទាំងនេះត្រូវបានកត់ត្រាចងក្រង ជាផ្លូវការដោយអាជ្ញាធរជាតិព្រះវិហារ នាខែតុលា ឆ្នាំ២០២៥។
និងការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។
យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូល បានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ ទាំងអស់ និងជណ្តើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ការខូចខាតទាំងនេះគឺបណ្តាលមក ពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារតែម្តង ៕

